កាលពីថ្ងៃទី២៣ និង២៤ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដឹកនាំដោយ លោក លី វិចិត្រ ប្រធានមូលនិធិ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ជូនដល់គ្រួសារវីរៈកងទ័ពពលីជីវិតការពារជាតិ ចំនួន៣គ្រួសារ ដោយគ្រួសារទី១ គឺគ្រួសាររបស់វីរៈកងទ័ពឈ្មោះ ជួង លៀប ដែលឈរជើងនៅប្រាសាទតាមាន់ ប្រពន្ធឈ្មោះ អួង ចក់ អាយុ ៥០ឆ្នាំ មានកូន ៤នាក់ ប្រុស២ ស្រី២ ហើយ សព្វថ្ងៃគ្រួសាររបស់គាត់រស់នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។ គ្រួសារទី២ គឺគ្រួសាររបស់វីរៈកងទ័ពឈ្មោះ ក្លែប រាយ ដែលឈរជើងនៅប្រាសាទតាមាន់ ប្រពន្ធឈ្មោះ ឌាង សាលីម អាយុ ៥១ឆ្នាំ មានកូន ៥នាក់ ប្រុស៣ ស្រី២ សព្វថ្ងៃគ្រួសាររបស់គាត់រស់នៅភូមិធ្លក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។ និងគ្រួសារទី៣ គឺគ្រួសាររបស់វីរៈកងទ័ពឈ្មោះ ឡោក ម៉ៅ ឈរជើងនៅប្រាសាទតាមាន់ ប្រពន្ធឈ្មោះ ដែន ចំរើន អាយុ ៤៣ឆ្នាំ មានកូន ៣នាក់ សព្វថ្ងៃគ្រួសារគាត់រស់នៅភូមិគោកព្រិច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានមានប្រសាសន៍សំណេះសំណាលថា ក្នុងនាមលោកជាប្រធានមូលនិធិ រួមនិងក្រុមការងារទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារវីរៈកងទ័ពដែលបានពលីជីវិតដើម្បីការពារជាតិ គឺជាគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិខ្មែរ បើទោះបីជាពួកគាត់បានចែកឋានទៅទីបរមសុខហើយ ក៏ប៉ុន្តែប្រជាជនខ្មែរទូទាំងប្រទេសចងចាំមិនភ្លេចឡើយ ហើយឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រួមទាំងបងប្អូនខ្មែរយើង បានយកចិត្តទុកដាក់បំផុតក្នុងការជួយគាំទ្រ ជ្រោមជ្រែង ឧបត្ថម្ភ និងជម្រុញការលើកទឹកចិត្តដល់គ្រួសារវីរៈកងទ័ពទាំងអស់ ដែលបានពលីជីវិត ក្នុងស្មារតីមោះមុត និងដើម្បីបុព្វហេតុជាតិ ។ លោក លី វិចិត្រ ក៏បានជម្រុញលើកទឹកចិត្តដល់គ្រួសារវីរៈកងទ័ព សូមឲ្យពួកគាត់មានស្មារតីរឹងមាំ និងតស៊ូទៅខាងមុខទៀតដោយសេចក្តីសង្ឃឹម និងជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល គឺលោកតែងតែគិតគូរ ខ្វល់ខ្វាយ យកចិត្តទុកដាក់ និងយល់ពីសុខទុក្ខយើងជានិច្ច ដោយសេចក្តីគោរពស្រឡាញ់ ។ ហើយពិេសសទៀតនោះ សូម្បីតែបងប្អូនប្រជាជាតិខ្មែរ ទាំងជិតទាំងឆ្ងាយ ទាំងក្នុងទាំងក្រៅប្រទេស ក៏បានរួបរួមសាមគ្គីគ្នា ចេះស្រឡាញ់គ្នា និងបានរៃអង្គាសគ្នាក្នុងការជួយឧបត្ថម្ភទាំងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមនិងថវិការមួយចំនួនដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់គ្រួសារវីរៈកងទ័ពខ្មែរយើង ជាបន្តបន្ទាប់ផងដែរ ។
លោក លី វិចិត្រ រួមនិងក្រុមការងារសូមជូនពរដល់គ្រួសារវីរៈកងទ័ពដែលបានពលីជីវិតការពារជាតិទឹកដី សូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីសួរសុខទុក្ខ និងសំណេះសំណាលរួច ក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ក៏មានជំនួយមួយចំនួនឧបត្ថម្ភដល់គ្រួសារវីរៈកងទ័ពទាំង ៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ៥បេ មី៥កេស ទឹកផ្លែឈើ ២កេស កូកាកូឡា ២កេស គុយទាវខ្មែរ ២កេស រួមនិងថវិការចំនួន ២លានរៀល។
គួរបញ្ជាក់ថា រសៀលនៅថ្ងៃទី២៤ ខែសីហា នេះផងដែរ លោក លី វិចិត្រ និងក្រុមការងារក៏បានចុះទៅសួរសុខទុក្ខ ដល់បងប្អូនកងទ័ពដែលកំពុងការពារតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ ដូចជា តំបន់អានសេះ ភ្នំទ្រព្យ ភ្នំខ្មោច ជាំតែ និងស្រអែម ហើយក៏បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ រួមនិងថវិការមួយចំនួន ជូនដល់ពួកគាត់ផងដែរ ។