ខេត្តសៀមរាប៖កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ចាស់ បានចាប់ខ្លួនបុរសម្នាក់ ករណីប្រើអំពើហិង្សានិងទារុណកម្មជាពិសេសលើកុមារ។
អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនបុរសម្នាក់ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ពាក់ពន្ធ័ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ “វាយកុមាររងគ្រោះនឹងខ្សែភ្លើង”។
ករណីហិង្សានេះ កើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ព្រឹក ក្នុងភូមិសាស្រ្តឃុំខ្ចាស់ ស្រុកសូទ្រនិគម។
បើតាមអធិការនគរបាលស្រុកបានបញ្ជាក់ថា ការចាប់ខ្លួននេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម៕