តាកែវ៖ ករណីសារពុលស្រាថ្នាំបណ្តាលឲ្យមនុស្ស ៣នាក់ បានស្លាប់ និង ៣នាក់ទៀតកំពុងបន្តសង្រ្គោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅ ភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ក្រោយហេតុការណ៍នេះកើតឡើង ក្រុមមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន «ក.ប.ប.» បានយកសំណាកស្រាថ្នាំទៅធ្វើការពិនិត្យពិសោធន៍ ។ បន្ទាប់មកសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយនាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា លទ្ធផលតេស្ត នៃការវិភាគសំណាកស្រាថ្នាំរកឃើញថា មានផ្ទុកសារធាតុមេតាណុល កម្រិត ១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០,១% នោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់បាននាំគ្នាពិសាស្រាថ្នាំ ស្ថិតនៅទីតាំងកើតហេតុខាងលើ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ ទើបពួកគាត់ចាប់ផ្តើមមានបញ្ហាសុខភាព រហូតដល់បណ្តាលឲ្យមានអ្នកស្លាប់៣នាក់ និង៣នាក់ទៀត ត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។
ដើម្បីបង្កាក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើត ហេតុ ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការ លក់ស្រា និងទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ។
ក្នុងនោះក្រសួងសុខាភិបាល បញ្ជាក់ច្បាស់ថា “មេតាណុល មិនមែនមេស្រាទេ កុំប្រើប្រាស់មេតាណុលក្នុងការផលិតស្រា ស ឬ ស្រាថ្នាំ”។
ទោះបីយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលក់ស្រា ដែលបណ្តាលអោយមានអ្នកស្លាប់ និងរងគ្រោះ ដើម្បីកសាងនិតិវិធីទៅតាមផ្លូវច្បាប់៕