គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ លើអ្នកបើកបរយានយន្តគ្រប់ប្រភេទ អនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
វុន សុខជា - ០៨ កុម្ភៈ ២០២៤
image

(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ដឹកនាំដោយលោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថានាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សកម្មភាពចុះត្រួតពិនិត្យនេះគឺមិនមែនទើបតែធ្វើនៅពេលថ្មីៗនោះទេ ដោយកន្លងមកលោកបានដឹកនាំយ៉ាងតិច ២ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែក្រោយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមានការចង្អុលបង្ហាញបន្ថែមពីឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានណែនាំឲ្យគណៈបញ្ជាការឯកភាពក្រុង/ស្រុកទាំងអស់ចុះអនុវត្តវិធានការនេះរៀងរាល់យប់។

លោកអភិបាលបានបន្តថា ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះចាប់តាំងពីថ្ងៃទី២ ខែកុម្ភៈមកគឺលោកបានដឹកនាំកម្លាំងចុះធ្វើរាល់យប់ ដោយចល័តពីទីតាំងមួយ ទៅទីតាំងមួយទៀតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ នូវទីតាំងដែលធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើន ពោលគឺសំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

លោកបានគូសបញ្ជាក់ថា មុនការចុះអនុវត្តយើងឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញ៉ាប់គួកត់សម្គាល់ និងព្រួយបារម្ភយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ៤នេះ ប៉ុន្តែក្រោយចុះអនុវត្តមកគ្រោះថ្នាក់ចរាចណ៍បានកាត់បន្ថយ និងករណីផ្សេងៗទៀតមានការថយចុះមួយផ្នែកធំ ព្រោះបានឃាត់នូវអ្នកបើកបរ ដែលមានសារធាតុស្រវឹង បើកបរមិនបានពាក់មួកសុវត្តិភាព រួមជាមួយនិងការអប់រំបន្ថែម ព្រមទាំងមានការផាកពិន័យជាមួយគ្នាផងដែរ ហើយក៏មានភាពល្អប្រសើរគួរកត់សម្គាល់។

ជាចុងក្រោយក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ សូមសំណូមពរ និងអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ការឃាត់អ្នកដំណើរពិតជាបានធ្វើឲ្យមានខកខាននូវការកកស្ទះបងប្អនមួយចំនួនពិតមែន ប៉ុន្តែគឺដើម្បីគិតពីសុខសុវត្តិភាពនោះ សូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់គ្រប់វិនាទី និងបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីរក្សាបាននូវអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ដងផ្លូវនេះផងដែរ។

សូមបញ្ជាក់ផងដែរថា នេះរបាយការណ៍លម្អិតពីលទ្ធផលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន៥គោលដៅក្រុងស្រុកទាំង៥ នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច -ធំ   ចំនួន៤៩០គ្រឿង ម៉ូតូ និងPassapp ចំនួន៦១គ្រឿងទទួលបានលទ្ធផលដូចខាងក្រោម៖
ទី១. ធ្វើតេស្ដជាតិអាកុលចំនួន១៥នាក់ រកឃើញវិជ្ជមាន៣នាក់ (ផាកពិន័យតាមគោលការណ៍)។
ទី២. ធ្វើ តេស្តរកសារធាតុញៀនចំនួន៥១នាក់ (ជនជាតិខ្មែរ) រកឃើញវិជ្ជមាន១១នាក់ (បញ្ជូនទៅមណ្ឌលកែប្រែ)។ ទី៣. ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន២៣៥គ្រឿង (គ្មានអាវុធ ងកាត់)។
ទី៤. ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន១នាក់ និងអប់រំណែនាំចំនួន៤នាក់។ 
ទី៥. ផាកពិន័យអ្នកបើកបររថយន្តគ្មានបណ្ណបើកបរ និងរក្សាទុករថយន្ត១គ្រឿង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣