ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារអន្តរក្រសួង នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលជាគណៈអធិបតីក្នុងវេទិកាសាធារណៈស្ដីពីកិច្ចប្រតិបត្តិការ បោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងបាតទន្លេ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រតិបត្តិការក្រោមទឹករបស់អង្គការ CMAC និងប្រជាពលរដ្ឋមកពីស្រុកពាមជរ ខេត្តព្រៃវែង និងស្រុកលើកដែក ខេត្តកណ្ដាល សរុបប្រមាណ ២៥០នាក់។
នាឱកាសនោះដែរ លោក ម៉ុង សុគន្ធារ័ត្ន ប្រធាននាយកដ្ឋានកណ្ដាល ទទួលបន្ទុកកងឯកភាពបោសសំអាតមីនដើម្បីអភិវឌ្ឍន៍ និងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក ក៏បានធ្វើសេចក្ដីរាយការណ៍សង្ខេប ស្ដីពីប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ឲ្យបានដឹងថា៖ បញ្ហាទូទៅនៃនាវា /ទូកលិចក្នុងទឹក និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ផ្អែកតាមព័ត៌មានពីប្រជាពលរដ្ឋ ព័ត៌មានស្រាវជ្រាវស៊ើបអង្កេតតាមបច្ចេកទេស និងឯកសារនានា កម្ពុជាត្រូវបានរងការវាយប្រហារចំនួន ៣៨៤ លើក និងការទម្លាក់គ្រាប់បែកធំៗ ប្រភេទ KM ៨៤ ទម្ងន់ ៩២៥គីឡូក្រាម KM៨៣ ទម្ងន់ ៤៥០ គីឡូក្រាម KM៨២ ទម្ងន់ ២៣០គីឡូក្រាម ពីយន្តហោះជាង ១០,០០០គ្រាប់ នៅតាមដងទន្លេ ឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៣ ។ ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ សង្គ្រាមមានការបាញ់ប្រហារនាវាដឹកគ្រាប់ជាច្រើននៅតាមដងទន្លេមេគង្គ។ ជាក់ស្ដែងនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង អង្គភាពស៊ីម៉ាក់បានរកឃើញ និងស្រង់គ្រាប់មិនទាន់ផ្ទុះ និងមីន ចេញពីនាវាដែលបានបាញ់លិច បានចំនួនសរុប ២១,៥៥៦គ្រាប់ និងបំណែកនាវាទម្ងន់ ២២១, ៨០៤ គីឡូក្រាម ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម និងនាវាលិចបាតទន្លេ មានសារៈសំខាន់ក្នុងការពង្រឹងសន្តិសុខជាតិ សុខសុវត្ថិភាពការដឹកជញ្ជូនផ្លូវទឹក និងសុខសុវត្ថិភាពប្រជាពលរដ្ឋតាមដងទន្លេ ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ប្រសិនបើ តាមផ្លូវទឹក តាមដងទន្លេមិនមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បាតទន្លេ និងមានសុវត្ថិភាពនោះ ប្រទេសយើងនឹងមាននាវា ទេសចរណ៍អន្តរជាតិធំៗ នឹងនាំមកនូវទេសចរណ៍ចូលមកប្រទេសកម្ពុជា យើងតាមដងទន្លេ និងការដឹកជញ្ជូនផងដែរ ។ ទន្ទឹមនឹងនេះសំណល់យុទ្ធភណ្ឌ និងបំណែកនាវាលិចនៅបាតទន្លេ អាចប្រើប្រាស់សម្រាប់ដាក់តាំងបង្ហាញពីសំណល់យុទ្ធសង្គ្រាមនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ជូនថា វេទិកានេះ ធ្វើឡើងដើម្បីស្តាប់កង្វល់ សំណូមពរ និងដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាផ្សព្វផ្សាយការបើកប្រតិបត្តិការបោសសំអាតនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ នៅពីរទីតាំងបន្ថែមទៀត គឺនៅក្នុងភូមិសាស្ត្រ ឃុំព្រែកសំបួរ និងនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង៕
ដកស្រង់ពី ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ