ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខក្រុមឧក្រិដ្ឋនចំនួន ៥នាក់ ជាជនជាតិចិន ចិនតៃវ៉ាន់ និងហ្វីលីពីន រួមទាំងគ្រឿងញៀនជាង ១តោនកន្លះ (១.៥៦៦គីឡូក្រាម) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ។
កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនក្រុមឧក្រិដ្ឋជនដឹកគ្រឿងតាមសមុទ្រ រួមនឹងគ្រឿងញៀនជាង ១តោនកន្លះកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។ សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទកេតតាមីន និងមេតំហ្វេតាមី ។ បន្ទាប់ពីបង្ហាញមុខក្រុមឧក្រិដ្ឋជនរួច សមត្ថកិច្ចបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងរាជធានី ដើម្បីចាត់ការតាមច្បាប់។ ជាមួយគ្នានេះ សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមេក្លោង និងអ្នកដែលពាក់ព័ន្ធដើម្បីយកមកផន្តន្ទាទោសតាមច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី រំលងអាធ្រាត កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំ ចុះបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន៖
១-ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន
២-ឈ្មោះ Huang xiao yu ភេទប្រុស ជនជាតិចិន
៣-ឈ្មោះ Li zhong xian ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់
៤-ឈ្មោះ Huang zhi hong ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់
៥-ឈ្មោះ Luo shun ភេទប្រុស ជនជាតិហ្វីលីពីន ។
វត្ថុតាងចាប់យករួមមាន:
-ម្សៅពណ៌សសង្ស័យជាសាធាតុញៀនចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន ១.៥៦៦គីឡូក្រាម(បឋម)
-ទូកឈើ ចំនួន ០២គ្រឿង
-អូប័រខូច ចំនួន ០២គ្រឿង
-ម៉ូតូ ម៉ាកស៊ុយស៊ូគីលែត ពណ៍ស ស្លាកលេខ ភ្នំពេញ1FF-8045 ចំនួន ១គ្រឿង
-លិខិតឆ្លងដែនចំនួន ០២ក្បាល
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង
-ទឹកថ្នាំដបពណ៏ខ្មៅសង្ស័យជាសារធាតុញៀនចំនួន ០៩ដប ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់អោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ៕