ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអង្គភាពជំនាញនៃស្ថាប័នទាំងពីរ ពិភាក្សាទៅលើការងារមួយចំនួនពាក់ព័ន្ធនឹងការចូលរួមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមចំណែកពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសម្រេចឆន្ទះដ៏មុតស្រួចលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់កញ្ចប់ការងារចំនួន៥ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថិតនៅក្នុងកញ្ចប់ការងារទី៣ គឺកញ្ចប់ការងារទប់ស្កាត់ការដឹកជញ្ជូន ការចរាចរគ្រឿងញៀនចូលកម្ពុជា ដែលកញ្ចប់នេះពាក់ព័ន្ធនឹងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(សេវាបញ្ញើ ប្រៃសណីយ៍ពីបរទេស), រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(តាមជើងយន្តហោះ) ៕
ប្រភព៖ នគរបាលជាតិ