ត្រឹមរយៈពេលពីរខែ មន្ត្រីនគរបាលជាង ៣០នាក់ ត្រូវដកចេញពីក្របខណ្ឌ និងទម្លាក់តួនាទីជាបន្តបន្ទាប់
ធី​ជុំ - ១០ មករា ២០២៤
image

ភ្នំពេញ៖ ក្នុង​រយៈ​ពេល​ពីរ​ខែចុង​ក្រោយនេះ កំឡុង​ខែ​ធ្នូ​និង​ខែមករា មាន​មន្ត្រី​នគរបាល​យ៉ាងហោចណាស់​ជាង៣០នាក់ ​ត្រូវបាន​ដក​ចេញ​ពី​ក្របខណ្ឌ និងទម្លាក់​តួនាទី។ អ្នក​ទាំង​ជាង​៣០​នាក់​នេះ ​ជា​មន្ត្រីស្ថិត​ក្នុង​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ។ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ដែល​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់ ការ​បណ្ដេញ​មន្ត្រី​ទាំង​នេះ​ដោយ​សារ​តែពួក​គេល្មើស​វិន័យ​ការងារ និង​មាន​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន។  

មន្ត្រី​ទាំង​ជាង​៣០​នាក់ ​នោះ​រួមមាន មន្ត្រី​នគរបាល​ចំនួន​ ១១​រូប ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែងចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាលជាតិ ត្រូវបាន​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ និង​បាន​ដកហូត​មុខ​តំណែង ឋានន្តរស័ក្ដិ កាលពី​ថ្ងៃ​ទី២២ ​ខែ​ធ្នូ ​ឆ្នាំ២០២៣ ដោយសារ​តែ​ល្មើស​វិន័យ​កង​កម្លាំងនគរបាល​ជាតិ។ បន្ថែម​ពី​លើនេះ​ទៀត​មន្ត្រី​នគរបាលទាំង ១១រូបនេះ ​ក៏​ត្រូវបាន​កាត់​ផ្ដាច់​ប្រាក់បៀវត្ស ​និង​ប្រាក់របប​ឧបត្ថម្ភផ្សេងៗ​ចាប់​ពី​ថ្ងៃ​ទី​២៤ ​ខែ​មីនា ​ឆ្នាំ​២០២៤ ។ 

នៅ​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ដែរ លោក គឹម ជាតិ បាន​របូត​តំណែងជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តាមរយៈព្រះរាជក្រឹត្យ​ចុះថ្ងៃទី១៥ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣។  ការ​បញ្ចប់​មុខ​តំណែង​របស់​លោក គឹម ជាតិ ពាក់ព័ន្ធ​នឹងការ​ជំរិត​ទារ​ប្រាក់ ១០​ម៉ឺនដុល្លារ អំឡុង​ពេល​ចុះត្រួត​ពិនិត្យ​ឃ្លាំង​ស្រាមួយ​កន្លែង​កាល​ពី​ខែ​វិច្ឆិកា ​ជា​ថ្នូរ​មិនបិទ​ផ្អាក​អាជីវកម្ម។

ចំណែកកាល​ពី​ថ្ងៃទី៣ ​មករា លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ត្រូវបាន​ដក​ហូត​មុខ​តំណែង​ពី​ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​មក​ជាមន្ត្រី​និង​បន្ថយឋានន្តរ​ស័ក្ដិចំនួន១ថ្នាក់​មក​នៅ​ត្រឹមថ្នាក់​វរសេនីយ៍ត្រី​ដោយសារ​ល្មើស​វិន័យ​របស់កងកម្លាំង​នគរបាលជាតិ។ ក្នុងថ្ងៃ​ទី​៣ មករា​ដដែល លោកវរសេនីយ៍ទោ សោម សុថារ័ត្ន ត្រូវបាន​ដក​ហូត​មុខ​តំណែង​ពីអធិការរង​នគរបាល​ខណ្ឌជ្រោយ​ចង្វារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញឲ្យ​មក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្ដិ​ចំនួន​១ថ្នាក់​មក​នៅ​ត្រឹម​ថ្នាក់​វរសេនីយ៍ត្រី​ដោយសារ​ល្មើស​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ។

នៅថ្ងៃ​ទី​៣​ មករា ​ថ្មីៗនេះដែរ មន្ត្រី​នគរបាល​ចំនួន​ ១២រូបទៀត ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ត្រូវ​ដក​ហូតមុខ​តំណែង ​និង​ឋានន្តរស័ក្ដិ​ព្រម​ទាំង​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌជា​មន្ត្រីនគរបាលជាតិ​ដោយ​សារ​ហេតុផលល្មើស​វិន័យ​ការងារ។ អ្នកទាំង១២​រូបនេះ ​ត្រូវ​បាន​កាត់​ផ្ដាច់​ប្រាក់បៀវត្ស​​ និង​ប្រាក់​របបឧបត្ថម្ភ​ផ្សេងៗ​ចាប់​ពីឆ្នាំ​២០២៤។

រំលងបានពីរថ្ងៃ ពោលនៅថ្ងៃទី៥ ខែមករា នគរបាល ៥រូបទៀត ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបន្ថយ និងដកហូតឋានន្តរស័ក្ដិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងមហាផ្ទៃតាមសំណើរបស់ សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។ 

គួរជម្រាបជូនថា ដំណើរការដកហូតមន្ត្រីពីក្របខណ្ឌជាបន្តបន្ទាប់ក្រោមហេតុផលល្មើសវិន័យការងារធ្វើឡើង បន្ទាប់ពីសម្តេចបវរធិបតីហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ ហើយមន្រ្ដីដែលពាក់ព័ន្ធ គឺត្រូវតែបណ្ដេញចេញពីក្របខណ្ឌ។ 

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឲ្យដឹងថា អគ្គស្នងកាដ្ឋាននគរបាលជាតិ បានបញ្ចប់យុទ្ធនាការតេស្តរកសារធាតុញៀនលើកងកម្លាំងរបស់ខ្លួនយ៉ាងជោគជ័យ និងថាភាពជោគជ័យនេះស្ដែងឡើងតាមរយៈការរកឃើញ និងត្រូវបណ្ដេញចេញពីក្របខណ្ឌជាបន្តបន្ទាប់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣