HIV: ខេត្តតាកែវ និង​ព្រះសីហនុ មានអត្រាឆ្លងមេរោគអេដស៍ខ្ពស់ជាងគេ​ក្នុងឆ្នាំ២០២៣
សុវណ្ណរ័ត្ន - ០៧ ធ្នូ ២០២៣
image

នៅក្នុងសន្និបាត​ប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី​៤ធ្នូ លោក អៀង មូលី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា លទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រនៅឆ្នាំ២០២៣ ទាក់ទងនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍​ថ្មី​ក្នុងចំណោម​ក្រុមប្រឈម គឺមាន ៦រាជធានី​​ខេត្តដូចជា​ រាជធានី​ភ្នំពេញ ​ខេត្តសៀមរាប​​ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ​ និងខេត្តព្រះសីហនុ មានអត្រាឆ្លងរហូតដល់ ​៧២% នៃការឆ្លងថ្មី​នៅទូទាំងប្រទេស។ ​ក្នុងនោះ ខេត្តតាកែវ និងខេត្តព្រះសីហនុ គឺជាខេត្ត​២ ​ក្នុងចំណោមខេត្ត​៤ផ្សេងទៀតនោះ ត្រូវបានរកឃើញថា មានអត្រានៃការឆ្លងមេរោគ​អេដស៍ថ្មី​ខ្ពស់ជាងគេ​ ក្នុងចំណោមប្រជាជនគន្លឹះនៅកម្ពុជា​​។

តាមការវិភាគក្នុងការ​សិក្សាប៉ាន់ប្រមាណ​ដដែលក៏មានបង្ហាញទៀតថា កំណើននៃការឆ្លង​​មេរោគអេដស៍ថ្មី គឺស្ថិតនៅក្នុងចំណោម​បុរស និងក្មេងប្រុសមានចំនួន​ ៧៩%។ ក្នុងនោះ ​៨៣​%​ នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬ ជាក្រុម​ប្រជាជនគន្លឹះ​។ ជាមួយគ្នានោះ ក្រុមបុរស​រួមភេទ​ជាមួយបុរស​ដែលជាយុវវ័យ​ចំនួន​​៥០% ត្រូវ​បាន​រកឃើញថា មិនទទួលស្គាល់​ថាខ្លួន​ជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ឡើយ​។

ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹង​ជំងឺអេដស៍ លោក​ អៀង មូលី ធ្លាប់​បាន​គូសបញ្ជាក់​ក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃទី​២៤ វិច្ឆិកា ថា ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ នៅ​កម្ពុជា បានរត់គេចពីការទទួលសេវាព្យាបាល ដោយសារ​តែពួកគេ​​មានការ​ខ្មាស​អៀន ​ក្នុង​នោះ​មាន​អ្នកមាន​ទ្រព្យ ​​និង​អ្នក​ល្បី​ផង​ដែរ។ ដោយ​​ពួកគេ​អាច​ទៅ​រក​សេវា​ព្យាបាល​ឯកជន ដើម្បី​លាក់បាំង កុំ​ឲ្យ​គេ​ដឹង។ ចំពោះលោក អៀង មូលី ការណ៍នេះ​គឺជាចំណុចព្រួយបារម្ភដែល​អាចធ្វើឱ្យចំនួនអ្នកឆ្លងអេដស៍នៅកម្ពុជាកើនឡើង ខណៈរដ្ឋាភិបាលបានដាក់គោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥។ ដើម្បីសម្រេចគោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥ កម្ពុជាចង់ឱ្យអត្រាអ្នកឆ្លងជំងឺអេដស៍ម្នាក់ក្នុង១ថ្ងៃ ឬ៣៦៥នាក់ក្នុង១ឆ្នាំ ឬទាបជាងនេះ។

គួរដឹងថា តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១,៤០០នាក់ ក្នុងមួយឆ្នាំ ដែលមានន័យថា មនុស្ស៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ រដ្ឋាភិបាលអះអាងថា ក្នុង​រយៈពេល​៣​ឆ្នាំមក​នេះ រដ្ឋបាន​ចំណាយ​ថវិកា​ទិញ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍ ក្នុង​មួយ​ឆ្នាំ​ៗ ៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺអេដស៍​៕
ប្រភព៖ RFI

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣