អន្តរជាតិ៖ នៅថ្ងៃទី៩ ខែមករា ២០២៤ នេះ ធនាគារពិភពលោក បានព្យាករសម្រាប់ឆ្នាំ២០២៤ ដោយបង្ហាញថា សេដ្ឋកិច្ចសកល មានវឌ្ឍនភាពទាប។ ពោលគឺកំណើនសេដ្ឋកិច្ចត្រឹមតែ ២,៤%ប៉ុណ្ណោះ ក្នុងឆ្នាំថ្មីនេះ គឺវាចាញ់និងតិចជាងឆ្នាំមុន ដែលមាន ២,៦% ហើយនិង តិចជាង ឆ្នាំ២០២២ ដែលមានវឌ្ឍនភាពសេដ្ឋកិច្ច ៣% ឯណោះ។ របាយការណ៍វាយតម្លៃថ្មីនេះ ក៏បញ្ជាក់ឲ្យឃើញដែរថា ពិភពលោកក្នុង ៥ ឆ្នាំចុងក្រោយនេះ ជួបសន្ទុះវឌ្ឍនភាពកំណើនសេដ្ឋកិច្ចទាប បើប្រៀបធៀប រយៈពេល ៣ ទសវត្សរ៍មកនេះ វៀរលែងតែឆ្នាំ២០២០។
ក្នុងសន្នីសីទសារព័ត៌មានបង្ហាញរបាយការណ៍ព្យាករ គឺ ធនាគារពិភពលោក បង្ហើបឲ្យដឹងដែរថា ប្រទេសចិន មហាអំណាចសេដ្ឋកិច្ចទី២ អាចនឹងមានវឌ្ឍនភាពសេដ្ឋកិច្ចធ្លាក់ចុះបន្តិច។ ពោលគឺ ៥,២% នៅឆ្នាំ២០២៣ មកត្រឹមតែ ៤,៥% នៅឆ្នាំថ្មីនេះ ហើយអាចនឹងបន្តវឌ្ឍនភាពតិចតួចតទៀត នៅឆ្នាំ២០២៥ ត្រឹមតែ ៤,៣%។ សេដ្ឋកិច្ចចិនធ្លាក់ចុះទាបបែបនេះ គឺត្រូវ ធនាគារពិភពលោក ពន្យល់ថា មកពីការប្រើប្រាស់ថយចុះ ហើយចិនត្រូវប្រឈមមុខក្នុងរយៈពេលវែង គឺប្រជាពលរដ្ឋចិនកាន់តែមានអាយុចាស់ច្រើន ជំពាក់បំណុលច្រើន ការវិនិយោគថយចុះ ហើយនិងការកាត់បន្ថយឱកាសជំរុញផលិតកម្ម។
ចំណែក វឌ្ឍនភាពសេដ្ឋកិច្ច នៅបណ្តាប្រទេសអាស៊ីបូព៌ា និងអឺរ៉ុបខាងកើត ប្រឈមមុខនឹងភាពបត់បែនខ្លាំង ព្រោះតែវិបត្តិសង្គ្រាម នៅអ៊ុយក្រែន ហើយនិង សន្ទុះសេដ្ឋកិច្ចយឺតរបស់មហាយក្សចិន។ ពួកប្រទេសមួយចំនួននៅអាហ្វ្រិក ហើយនិងមជ្ឈិមបូព៌ា អាចនឹងមានវឌ្ឍនភាពរីកចម្រើនលឿនជាងមុន ដោយសារតែបានកំណើនតម្លៃលក់វត្ថុធាតុដើម ដូចជា ផលិតប្រេងនាំចេញជាដើម។ ក្នុងតំបន់អាស៊ីខាងត្បូង និងអាមេរិកឡាទីន អាចនឹងមានស្ថានភាពឋេរ ឬនៅទ្រឹង។
ដោយឡែក ប្រទេសមានសេដ្ឋកិច្ចធំៗ គឺបន្តមានវឌ្ឍនភាព ហើយអាចទ្រាំ និងតស៊ូធន់បាននឹងវិបត្តិសេដ្ឋកិច្ច ក៏ព្រោះតែបានចំណេញពីអត្រាកំណើនកម្ចីការប្រាក់ ហើយនិងសល់ធនបម្រុងច្រើនសមគួរ នៅក្នុងឱកាស ៣ ឆ្នាំនៃជំងឺកូវីដ។ អត្រាកំណើនការប្រាក់ខ្ពស់ ជួយជំរុញវឌ្ឍនភាពហិរញ្ញវត្ថុ ក៏ពិតមែន តែផ្ទុយទៅវិញ វាជំរុញឲ្យកម្ចីកើនឡើង។ ល្គឹកណា អ្នកជំពាក់បំណុលកើនឡើង វានឹងបង្កឲ្យកើតបញ្ហាវិបត្តិសង្គមនិងមនុស្សធម៌។
ធនាគារពិភពលោក សម្តែងក្តីព្រួយបារម្ភដែរ អំពីស្ថានភាពក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឈ ដែលមានកម្រិតប្រាក់ខែទាប ហើយវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះ ពុំអាចនឹងអនុញ្ញាតជួយកាត់បន្ថយភាពក្រីក្រ ឲ្យបានគ្រប់គ្រាន់ឡើយ។
ស្ថាប័នហិរញ្ញវត្ថុសកលលោកមួយនេះ បានចង្អុលមុខដាក់កំហុសទៅលើ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានបង្អាក់ដំណើរជំនួយរបស់ខ្លួន ជុំវិញការសម្រាលកម្ចីប្រាក់ ជំនួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយនិងអសន្តិសុខស្បៀង។ ធនាគារពិភពលោក បានឲ្យឧទាហរណ៍ជាក់ស្តែង គឺ ប្រទេសអេត្យូពី ដែលមានពលរដ្ឋ ប្រហែល ២លាននាក់ ក្នុងតំបន់ទីហ្គ្រេ ត្រូវជួបបញ្ហាខ្វះស្បៀង។ នៅអាហ្វ្រិកខាងកើត ជួបគ្រោះរាំងស្ងួត ៤ ទសវត្សរ៍មកហើយ ហើយកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ក៏បានព្យួរជំនួយរបស់ខ្លួនទៅទៀត ចាប់ពីពាក់កណ្តាលឆ្នាំដល់ដាច់ឆ្នាំ២០២៣ ព្រោះតែមានរឿងអាស្រូវនៃការបន្លំជំនួយ។
ធនាគារពិភពលោក ក៏គូសបង្ហាញថា មនុស្ស ៩០០ លាននាក់ រងផលវិបាក ពីអសន្តិសុខស្បៀង ក្នុងឆ្នាំ២០២២ ខុសពីឆ្នាំ២០១៧ ដែលមានត្រឹម ៦២៤ លាននាក់។ ប្រសិនបើគ្មានការផ្លាស់ប្តូរខ្លាំង ឬកែទម្រង់សេដ្ឋកិច្ចដ៏ធំសម្បើមនោះទេ គឺប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឈ ១នៅក្នុង៤ គឺនៅតែធ្លាក់ខ្លួនក្រលំបាក ជាងមុនឆ្នាំ២០២០ ទៅទៀត៕
ប្រភព៖ RFI