(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីទាក់ទាញទេសចរណ៍ និងការវិនិយោគ នៅខេត្តព្រះសីហនុ ត្រូវជំរុញឱ្យមានការភ្ជាប់ជើងហោះហើរ ជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់ និងពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បង្កើតការពង្រឹងកិច្ចការសន្តិសុខឱ្យបានល្អ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ការពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សំខាន់ណាស់នៅខេត្តព្រះសីហនុ និងគ្រប់កន្លែងទាំងអស់ ជាពិសេសគោលដៅដែលជាតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្ម គឺត្រូវធានាបាននូវសន្តិសុខ។ អត់មានអ្នកចង់មកលេងសមុទ្រទេ បើមកគេប្រាប់ឱ្យប្រយ័ត្នគេបាញ់គ្នា ឱ្យប្រយ័ត្នចោលឆក់ ចោលប្លន់ [...] សន្តិសុខត្រូវធានាជូនប្រជាពលរដ្ឋ មិនថាបរទេស ទេសចរក្នុងស្រុក រឿងកិច្ចការសន្តិសុខនេះត្រូវពង្រឹង អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងសមត្ថកិច្ច ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ»។
សម្តេចបន្ថែមថា «ការបង្កើតការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ ក៏សំខាន់ដែរ ធ្វើយ៉ាងម៉េចបើកមុខព្រួញហោះហើរឱ្យបានច្រើន យើងភ្ជាន់ខេត្តព្រះសីហនុ ជាមួយទិសដៅទេសចរណ៍ឱ្យបានច្រើន ដើម្បីទាញទេសចរណ៍មកកាន់ទីនេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ ពិតជាមានសក្តានុពលខ្លាំងណាស់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ប្រៀបដូចជាគ្រាប់ពេជ្រ តែត្រូវមានការកែច្នៃ ដើម្បីទទួលបានជាប្រយោជន៍ ហើយដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រ ឱ្យបានជាប្រយោជន៍ ត្រូវទាមទារចាំបាច់ នូវសុខសន្តិភាព។
ជាក់ស្តែងភូមិសាស្ត្រកំពង់ផែព្រះសីហនុ ដែលត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងឈានដល់ការចាប់ផ្តើម បើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣ខាងមុខនេះ គឺប្រៀបដូចជាកែច្នៃពេជ្រ ឱ្យមានប្រយោជន៍កាន់តែច្រើន សម្រាប់សេដ្ឋកិច្ច។ កំពង់ផែនព្រះសីហនុ នៅចន្លោះកណ្តាល រវាងកំពង់របស់វៀតណាម និងថៃ ដូច្នេះពេលអភិវឌ្ឍន៍ផែទឹកជ្រៅ នឹងទាញប្រយោជន៍ច្រើន ពីទីតាំងភូមិសាស្ត្រដ៏អំណោយផលនេះ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «សក្តានុពលភូមិសាស្ត្រយើងមាន គ្រាន់តែពេជ្រយើងមិនទាន់ច្នៃ គេប្រើមិនទាន់ឃើញតម្លៃ ឥឡូវយើងត្រូវដាក់គោលនយោបាយ ដើម្បីច្នៃចេញឱ្យច្រើនមុខ ដើម្បីឱ្យគេមកប្រើប្រាស់ទាញផលឱ្យយើង ឱ្យកាន់តែច្រើន ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា»។
សម្តេចបានថ្លែងទៀតថា ការដែលរាជរដ្ឋាភិបាលខិតខំទាក់ទាញវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងការដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងពង្រឹងសន្តិសុខ នៅខេត្តព្រះសីហនុនេះ ដើម្បីតែផលប្រយោជន៍ប្រជាពលរដ្ឋ ធ្វើយ៉ាងណាបង្កើតការងារ ជំរុញសកម្មភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែធូរធាឡើង។
សម្តេចបន្ថែមថា នៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលមិនមែនជំរុញឱ្យមានតែការផលិតផលិតវាយភណ្ឌ កាត់ដេរនោះទេ គឺដាក់ទិសដៅជំរុញឧស្សាហកម្មកម្រិតខ្ពស់ ដូចជាឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិចផងដែរ៕