ព្រះសីហនុ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាជាប្រទេសដែលធ្លាប់តែនាំចូល ប៉ុន្តែបច្ចុប្បន្នអាចផលិតសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងអាចមានលទ្ធភាពនាំចេញទៅប្រទេសក្រៅថែមទៀត។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី បាន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជនបម្រើបងប្អូនតទៅទៀត។ ការគាំទ្ររបស់បងប្អូននៅខេត្តព្រះសីហនុបញ្ជាក់ពីភាពជឿជាក់និងការសប្បាយចិត្តនិងភាពកក់ក្ដៅ ជាពិសេសគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារបស់សម្ដេចតេជោ។ គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋរីកចម្រើនជាពិសេសគឺជីវភាពរស់នៅប្រចាំថ្ងៃ។
សម្ដេចធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្នកាលគឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ប៉ុន្តែយើងក៏មិនត្រូវភ្លេចអតីតកាលដែលយើងបានខិតខំអនុវត្តកន្លងមកដែរ។ បច្ចុបច្ចុប្បន្ន កម្មករ កម្មការិនី មិនត្រឹមតែអាចរកចំណូលសម្រាប់តែទ្រទ្រង់ខ្លួនឯងទេ អាចជួយដល់ក្រុមគ្រួសារឪពុកម្ដាយបងប្អូនថែមទៀត។
សូមបញ្ជាក់ថា រោងចក្រ សហគ្រាសទាំង ៣០ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១ រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤ រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២ រោងចក្រកេសកាតុង ចំនួន ២ រោងចក្រផលិតចំណីសត្វ ចំនួន ២ រោងចក្រផលិតថ្មម៉ាប ចំនួន ១ រោងចក្រកែច្នៃស្បែក ចំនួន ១ រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១ រោងចក្រដេរស្បែកជើង ចំនួន ១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១ រោងចក្រជ្រលក់ក្រណាត់ ចំនួន ១ រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។
នេះគឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ ក្រសួងព័ត៌មាន