ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយយោធិន គ្រួសារយោធិននៃកងរាជអាវុធហត្ថ ដែលបានចូលសោធននិវត្តន៍ ប្រជាពលរដ្ឋជួបការលំបាកក្នុងមូលដ្ឋាន និងបុគ្គលិក កម្មករសំណង់ដែលបម្រើការងារក្នុងអង្គភាពចំនួន១២០នាក់ និងបានចែកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងឧបត្ថម្ភថវិកាមួយចំនួន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឈានមកដល់នាពេលខាងមុខ។
ក្នុងឱកាសសំណេះសំណាលឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងភាពស្និទ្ធស្នាលក្រៃលែងចំពោះគ្រួសារយោធិននៃកងរាជអាវុធហត្ថ បានចូលសោធននិវត្តន៍ ប្រជាពលរដ្ឋជួបការលំបាក និងបុគ្គលិក កម្មករសំណង់ ដើមកបីលើកទឹកចិត្តកាលដែលខិតខំបម្រើការងារក្នុងអង្គភាពកន្លងមក ជាពិសេសប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
អំណោយដែលចែកជូនក្នុងម្នាកៗនាពេលនេះរួមមាន៖ អង្ករ ចំនួន១បាវ ស្មើនឹង២៥គីឡូក្រាម, មីខ្លាឃ្មុំ ចំនួន១កេស, ទឹកបរិសុទ្ធ ចំនួន១កេស, ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអុីវចំនួន១យួរ, សាច់ក្រក ចំនួន១កញ្ចប់ និងថវិកា ចំនួន៨០.០០០រៀល ផងដែរ៕