ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិករប្រើប្រាស់ទឹក
Roth - ០៦ វិច្ឆិកា ២០២៣
image

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) សេចក្តីព្រាងប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ. និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខណ្ឌស.ក.ប.ទ. នៅសណ្ឋាគារភ្នំពេញ។

សូមជម្រាបថា សិក្ខាសាលារយៈពេលពីរថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានការចូលរួមពី លោក Simon Thibault ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស(TA-ISWM) និងលោកស្រី Sandrine Boucher នាយិកាស្ថានតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកនិងឧតុនិយម តំណាងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ សហគមន៍កសិករប្រើប្រាស់ទឹក និងក្រុមការងារកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា សរុបប្រមាណ១៦៧នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងជាពិសេសក្រុមទីប្រឹក្សាបច្ចេកទេស TA-ISWM ដែលបានចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ដល់អង្គសិក្ខាសាលាដ៏មានសារសំខាន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់អង្គសិក្ខាសាលាថា អនុក្រឹត្យរបស់សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) ត្រូវបានប្រកាសឱ្យប្រើកាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីឱ្យអនុក្រឹត្យនេះអនុវត្តទៅបានពេញលេញប្រកបដោយប្រសិទ្ធភាពតម្រូវឱ្យមានគោលការណ៍ណែនាំ និងប្រកាសចំនួនប្រាំទៀត ដូចជា ទី១)គោលការណ៍ណែនាំគំរូលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ. ទី២)ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. ទី៣)ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ. ទី៤)ប្រកាសស្តីពីនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ ប្រធាន និងអនុប្រធានក្រុមកសិករប្រើប្រាស់ទឹក និងទី៥)កិច្ចព្រមព្រៀងស្តីពីការបែងចែកការទទួលខុសត្រូវ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា វិស័យធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងអភិវឌ្ឍនៅលើផ្លូវនៃការធ្វើកំណែទម្រង់ក្នុងគោលដៅប្រែក្លាយវិស័យនេះឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កសិករប្រកបដោយចីរភាព។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម តាមរយៈនាយកដ្ឋានស.ក.ប.ទ. ដែលជាសេនាធិការរបស់ខ្លួនមានតួនាទីសំខាន់លើការកំណត់គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍបន្តលើប្រព័ន្ធធារាសាស្រ្តរបស់ស.ក.ប.ទ. ឱ្យមាននិរន្តភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់អង្គសិក្ខាសាលាឱ្យយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញចែករំលែកបទពិសោធន៍នានា ព្រមទាំងចូលរួមផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍នៅក្នុងការគ្រប់គ្រងបញ្ហាប្រឈមក៏ដូចជាដំណោះស្រាយនានា ដើម្បីឱ្យសិក្ខាសាលានាពេលនេះទទួលបានជោគជ័យ ក្លាយជាគំរូសម្រាប់ការកែលម្អ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹកនៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងនាយកដ្ឋានស.ក.ប.ទ. ដែលបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១ រៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ។

សូមបញ្ជាក់ថា សិក្ខាសាលានាពេលនេះធ្វើឡើងក្នុងគោលបំណងពិគ្រោះយោបល់ ពិភាក្សា និងប្រមូលនូវធាតុចូលលើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ. ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ. ដើម្បីធ្វើឱ្យមានភាពគ្រប់ជ្រុងជ្រោយ គ្របដណ្តប់គ្រប់ទិដ្ឋភាពជាក់ស្តែង និងបច្ចេកទេស និងមានភាពសុក្រិត ជាពិសេសធានាកិច្ចដំណើរការរបស់ស.ក.ប.ទ. ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕                                                                                                                 

ដោយ៖ ក្រសួងព័ត៌មាន                                                                                       

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣