កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការត្រៀមចូលរួម “កិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម” (World Social Development Summit) នៅទីក្រុងដូហា ប្រទេសកាតា
Roth - ២០ សីហា ២០២៥
image

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការត្រៀមចូលរួម កិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម (World Social Development Summit) នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ សមាសភាពចូលរួមកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំបានពិនិត្យពិភាក្សាប្រមូលធាតុចូលបន្ថែមលើវឌ្ឍនភាពនៃ ការរៀបចំឯកសារពាក់ព័ន្ធនានា ឆ្លើយតបនឹងប្រធានបទសំខាន់ៗ ក្នុង World Social Development Summit ដែលពាក់ព័ន្ធនឹងបរិបទកម្ពុជា ក្នុងនោះរួមមាន ការលុបបំបាត់ភាពក្រីក្រ បញ្ហាសន្តិសុខស្បៀង ,បម្រែបម្រួលអាកាសធាតុ, សមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី, ការធ្វើចំណាកស្រុក, ការលើកកម្ពស់សមាហរណកម្មសង្គម, ការទទួលបានសេវាសុខភាព និងអប់រំ ការដាក់បញ្ចូលគោលដៅអភិវឌ្ឍន៍សង្គមនៅក្នុងកម្មវិធីកែសម្រួលរចនាសម្ព័ន្ធ ការបែងចែកធនធានសម្រាប់ការអភិវឌ្ឍសង្គម និងប្រធានបទសំខាន់ៗជាច្រើនទៀត។

គួរបញ្ជាក់ដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុង កិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម (World Social Development Summit) ដែលប្រារព្ធឡើងក្នុងគោលបំណង៖ (១) ពិនិត្យវឌ្ឍនភាពនៃការអនុវត្ត សេចក្តីប្រកាស ព័ត៌មាននយោបាយ (Political Declaration) នៅទីក្រុង Copenhagen ឆ្នាំ១៩៩៥ ស្តីពី ការអភិវឌ្ឍសង្គម ដើម្បីជំរុញការអភិវឌ្ឍ សង្គមប្រកបដោយបរិយាបន្ន (២) វាយតម្លៃគម្លាតអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង កំណត់ទិសដៅឆ្ពោះទៅមុខសំដៅពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលលើកទី១ សម្រាប់ការអភិវឌ្ឍសង្គម បានប្រព្រឹត្ត ទៅកាលពី៣០ឆ្នាំមុន (ឆ្នាំ១៩៩៥) ដែលក្នុងពេលនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ១១៧ ប្រទេស បានចូលរួម រួមទាំងកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣