(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖
១-សពលោក អនុស្សាវរីយ៍ត្រី ភាព សោភ័ណ្ឌ ដែលបានពលីកាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
២-សពលោក វរសេនីយ៍ឯក សៀង សាត ដែលបានពលីកាលពីថ្ងៃទី ២៧ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំតាប្រុក ស្រុកចំំការលើ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតនេះ និងបានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាចូលបុណ្យសព ជូនដល់ក្រុមគ្រួសារសព ព្រមទាំងគិតគូរ ផ្តល់ការទ្រទ្រង់ជីវភាពបន្ថែមទៀតសម្រាប់ថ្ងៃអនាគតផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម