ក្រសួងព័ត៌មាន និងសមាគម​ IPA ប្រកាសរួមគ្នា​ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ជីវ័ន្ត - ៣១ មីនា ២០២៥
image

ភ្នំពេញ៖  មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា : ក្រសួងព័ត៌មានបង្កើតនឹងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។

ការថ្លែងនេះរបស់ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA  នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ ឯកឧត្តម សុខ ចាន់ភក្ដី  បានលើកឡើងថា ក្រសួងព័ត៌មានស្នើដល់សមាគម និងសមាជិករបស់សមាគម IPA ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។

ឯកឧត្តម មានប្រសាសន៍ថាយុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយការប្រើប្រាស់បណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានគាំទ្រដល់សមាគមដែលបានចូលរួមផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់ការពារអ្នកសារព័ត៌មាន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

បើយោងតាម លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ IPA បានឱ្យដឹងថា មកដល់ពេលនេះ  សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាពលើវិស័យសារព័ត៌មានរបស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិតបានបន្ថែមថា បច្ចុប្បន្នសមាគមសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មានជាសមាជិកសរុបចំនួន៦២អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សាមាគមសារព័ត៌មានឯករាជ្យរាប់ចាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅថ្នាក់រាជធានី ខេត្តទាំង១០ សរុបជិត ៣,០០០នាក់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣