លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ
ជីវ័ន្ត - ១៨ មីនា ២០២៥
image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ និងបើកយុទ្ធនាការផ្សព្វផ្សាយ​ ដើម្បីបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ពិធីប្រកាសសមាសភាពគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ តំណាងកម្មករនិយោជិត និងតំណាងនិយោជក តំណាងអង្គការជាតិនិងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាផងដែរ។

នាឱកាសនោះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ត្រូវបាន ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតាំងជាអនុប្រធានគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារ។

លោក លី វិចិត្រ ក៏បានបង្ហាញការប្ដេជ្ញាចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការនេះ ដើម្បីទប់ស្កាត់ ការរំលោភបំពាន និងអំពើហិង្សានានានៅកន្លែងការងារ ជាពិសេសគឺ ការរក្សាបាននូវ សុវត្ថិភាពការងារចំពោះបងប្អូនកម្មករ និយោជិត។

លោកបន្ថែមទៀតថា៖ គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារនេះ គឺពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារផ្នែកសុខភាព និងសុវត្ថិភាពការងារផង និងជាយន្ដការពិគ្រោះយោបល់ សម្របសម្រួល សហប្រតិបត្តិការ តាមដាន និងផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលលើបញ្ហាសុខភាព និងសុវត្ថិភាពការងារផង ក៏ដូចជាការជម្រុញឱ្យមានការតាក់តែង គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដូចជាវិធានការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ ដើម្បីធានាសុខុមាលភាព សុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតផងដែរ។

ជាងនេះទៅទៀតលោកក៏បានសង្កត់ធ្ងន់ថា៖ សហជីពគឺជាតួអង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែក ហើយសហជីពចង់ឃើញកន្លែងការងារមួយ ជាសហគមន៍សុខសាន្តមួយ ដែលមិនមានអំពើហិង្សា និងការបៀតបៀន៕ឮ

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣