រាជធានីភ្នំពេញ ៖ ពិធីសន្និបាតបូកសរុបលទ្ធិផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ សស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ថ្នាក់ដឹកនាំសមាជិក សមាជិកា របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា រួមទាំងភ្ញៀវកិត្តិយសសរុបចំនួន ៣០០នាក់ ផងដែរ។
លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា- បានលើកឡើងថា សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបង្កើតឡើង ក្នុងឆ្នាំ២០១៨ ដោយពេលនោះមានការរួបរួមគ្នារវាងសហព័ន្ធសហជីពចំនួន ០៥ សហព័ន្ធសហជីព ។ លោកបន្តថា សហភាពសហជីពសុភមង្គលកម្មករកម្ពុជា(CCWF) បានខិតខំប្រមូលកៀរគរសហព័ន្ធសហជីព សមាគម និងអង្គការនានា ដើម្បីចូលរួមជាមួយគ្នា រហូតពេលនេះមានសហព័ន្ធសហជីពចំនួន ៦ សហព័ន្ធសហជីព ដែលជាសមាជិកភាព ។
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា មានចំនួនសមាជិកប្រមាណជា៤០,៧៧៥នាក់ ស្រី ៣៥,៦៥៣នាក់ ក្នុងចំណោមសហជីពមូលដ្ឋានសរុបចំនួន ៨២ នៅតាមបណ្តាររោងចក្រ ហើយក្នុងនោះមាន រោងចក្រ សហគ្រាស ចំនួន១៣ ដែលមានភាពជាតំណាងបំផុត(MRS) និងមានរោងចក្រសហគ្រាស ចំនួន១២ ដែលបានចុះអនុសញ្ញារួម (CBA)។
លោក លី វិចិត្រ បានបញ្ជាក់ថា ការបង្កើតសហភាពសហជីពសុភមង្គលកម្មករកម្ពុជា នេះឡើងក្នុងគោលបំណង ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើផលប្រយោជន៍រួម និងការការពារស្ថិរភាព ការងាររបស់កម្មករ និយោជិត ទាំងអស់ក្នុងនោះ បានបង្កើតចេញជាគោលបំណងសំខាន់ដូចជា៖
ការពារសិទ្ធិ ផលប្រយោជន៏ស្របច្បាប់ និងការពារស្ថេរភាពការងាររបស់កម្មករ-និយោជិត។
ប្រមូលគៀងគរ សហជីព សហគម សមាគម និងអង្កការនៅគ្រប់ផ្នែក ដើម្បីលើកកំពស់លក្ខខណ្ឌការងារ សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់កម្មករ និយោជិត។
លើកកំពស់សមភាពយេនឌឺ និងប្រជាធិបតេយ្យនៅកម្ពុជា
បណ្តុះបណ្តាលបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់សមាជិកនិងថ្នាក់ដឹកនាំ CCWF ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករ និយោជិត ដើម្បីបង្កើនផលិតភាពនិងប្រាក់ចំណូល។
ធ្វើការសហការល្អជាមួយរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច រោងចក្រ សហគ្រាស សហជីព អង្គការសង្គមស៊ីវិល ជាតិនិងអន្តរជាតិ ដើម្បីការពារផលប្រយោជន៍រួម កែរលំអរលក្ខខណ្ឌការងារឲ្យល្អប្រសើរ សម្រាប់កម្មករ។
លោក លី វិចិត្រ បញ្ជាក់បន្ថែថា ទិសដៅបន្តសម្រាប់ឆ្នាំ២០២៥ CCWF និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយជាមួយសហជីពពិភពលោកធំៗ និងសហជីពនៅបណ្តាប្រទេសមួយចំនួនទៀតដូចជា សហជីពប្រទេសចិន វៀតណាម ឡាវ និងសហជីពនៅបណ្តាប្រទេសមួយចំនួនទៀត។
ពង្រីកការចងក្រងនៅផ្នែកឬវិស័យផ្សេងទៀតដើម្បី CCWF មានសំលេងនៅក្នុងវិស័យផ្សេងៗ។
ប្រមូលកៀរគរ កម្មករ និយោជិតឲ្យចូលជាសមាជិក CCWF កាន់តែច្រើនថែមទៀតដើម្បីឈានឆ្ពោះទៅចរចារអនុសញ្ញារួមដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករ។
ខិតខំបង្កើនសហជីពមូលដ្ឋាននៅតាមរោងចក្រ សហគ្រាស ឲ្យបានច្រើនថែមទៀតដើម្បីឲ្យ CCWF ក្លាយជាសហភាពខ្លាំង និងរឹងមាំ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរចំពោះសកម្មភាពដឹកនាំ របស់ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដែលបានដឹកនាំសមាជិកសមាជិការរបស់ខ្លួនក្នុងការខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកសហជីពមូលដ្ឋានដោយ អនុលោមភាពនៃការគោរពច្បាប់ស្តីពីការងារ បានយ៉ាងល្អប្រសើរ រហូតទទួលបានសម្មិទ្ធផលគួរឲ្យកត់សម្គាល់។ ឯកឧត្តម រដ្ឋលេខាធិការ យល់ឃើញថា CCWF បានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់បងប្អូនកម្មករ-កម្មការិនី ក៏ដូចជានិយោជក ជាច្រើនដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសនានា ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំ ក៏ដូចជាជម្រុញឲ្យថ្នាក់ដឹកនាំ CCWF ខិតខំធ្វើកិច្ចការនេះបន្តទៀត ជាពិសេសជួយត្រួតពិនិត្យ និងតាមដានស្ថានភាពមួយចំនួនដូចជា ព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងស្ថានភាពប្រឈមរបស់រោងចក្រ សហគ្រាស ជាដើម ធ្វើយ៉ាងណាត្រូវសហការគ្នាក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងនេះ ពីស្ថានភាពពិបាក មកក្លាយជាស្ថានភាពល្អប្រសើរ ដើម្បីផលប្រយោជន៍រួម ទាំងបងប្អូនកម្មករនិយោជិត និងនិយោជក ក្នុងគោលដៅធ្វើឲ្យវិស័យការងារ នៅក្នុងប្រទេសកម្ពុជាយើងកាន់រីកចម្រើនបន្តទៅមុខ៕