លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ តំណាងក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យលើវឌ្ឍនភាពការអនុវត្តសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីសមភាពយេនឌ័រ (សេចក្តីថ្លែងការណ៍នៅទីក្រុងប៉េកាំង) “Asia-Pacific Ministerial Conference on the Beijing+30 Review” ដែលកិច្ចប្រជុំនេះនឹងដំណើរការចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP (United Nations Economic and Social Commission for Asia and the Pacific) នៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំថ្នាក់តំបន់នេះ មានសមាជិកប្រមាណ៥០ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំណាងនៅតំបន់ផ្សេងៗទៀត របស់អង្គការសហប្រជាជាតិ ចូលរួមសរុបជាង១០០០រូប។
កិច្ចប្រជុំថ្នាក់តំបន់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកខួបទី៣០ឆ្នាំរបស់សេចក្តីថ្លែងការណ៍ផង និងដើម្បីពិនិត្យលើវឌ្ឍនភាពថ្នាក់តំបន់ ដែលជាធាតុចូលសម្រាប់តំបន់នីមួយៗ យកទៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៥ ខាងមុខ។