បន្ទាយមានជ័យ៖ ផ្លូវប្រវែងជាង២០គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅឃុំសំបួរកំពុងរងការខូចខាត និងជួបការលំបាករយៈពេល២ឆ្នាំហើយ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានប្រាប់ថា៖ ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ដល់ឃុំសំបួរ ស្រុកមង្គលបូរី ប្រវែងជាង២០គីឡូម៉ែត្រកំពុងរងការខូចខាត និងជួបការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមក និងដឹកកសិផលមានរយៈពេល២ឆ្នាំមកហើនៅអំឡុងឆ្នាំ២០២២និងឆ្នាំ២០២៣នេះខូចខាតក្នុងស្ថានភាពធ្ងន់ធ្ងរដោយរថយន្តឈ្មួញដឹកស្រូវ និងរថយន្តដឹកដីលក់។
ប្រជាពលរដ្ឋសុំឲ្យឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ និងមន្ទីរជំនាញដែលពាក់ព័ន្ធជួយពិនិត្យសម្រួលផ្លូវនេះជូនប្រជាពលរដ្ឋឲ្យទៅមកបានស្រួលផង ព្រោះដែលរងការខូចខាតធ្ងន់ធ្ងរចាប់ពីឃុំគោកបល្ល័ង្គដល់ឃុំសំបួរ មានផ្លូវកៅស៊ូមួយកំណាត់និងផ្លូវក្រាលគ្រួសក្រហមមួយកំណាត់ដែលកំពុងរកការខូចខាតប្រជាពលរដ្ឋជួបការលំបាកធ្វើដំណើរ និងសិក្សានុសិស្សទៅសិក្សា។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ ផ្លូវ១ខ្សែប្រវែងជាង២០គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ឃុំបន្ទាយនាង ឆ្លងកាត់ឃុំគោកបល្ល័ង្គ និងឃុំសំបួរ កំពុងរងការខូចខាតរយៈពេល២ឆ្នាំមកហើយតែនៅឆ្នាំ២០២៣នេះខូចខាតធ្ងន់ និងជួបការលំបាកពីចំណុចឃុំគោកបល្ល័ង្គដល់ឃុំសំបួរ។
លោកបានបញ្ជាក់ថា៖ ផ្លួវ១ខ្សែដែលរងការខូចខាតមួយកំណាត់ផ្លូវចាក់កៅស៊ូដែលគ្រប់គ្រងថែទាំ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផ្លូវមួយកំណាត់ទៀតផ្លូវគ្រួសក្រហមដែលថែដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្រោយរងការខូចខាតរដ្ឋបាលស្រុកមង្គលបូរីបានរាយការណ៍ទៅរដ្ឋបាលខេត្ត និងស្នើសុំទៅមន្ទីរពាក់ព័ន្ធខាងលើជួយសម្រួល និងជួសជុលឡើងវិញដែរ តែមិនទាន់ឆ្លើយតបនៅឡើយទេ ទ្រាំលំបាកសិនទៅបងប្អូន៕
(សៅនៅ)