នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) ទិវាបុណ្យឯករាជ្យជាតិ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងពីអាណានិគមនិយមបារាំង ដែលបានដាក់នឹមអាណានិគម មកលើកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (១៨៦៣-១៩៥៣)។
ឯករាជ្យជាតិ ដែលជាមហាប្រវត្តិសាស្ត្រនេះ សម្រេចបានក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ញៀវខ្ញាររបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាបង្រួបបង្រួមជាតិ “ព្រះបរមរតនកោដ្ឋ” នៃយើង។
ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម នៃការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង វិមានឯករាជ្យ ត្រូវបានកសាង និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងព្រះរាជព្រះបាទ នរោត្តម សុរាម្រិត ដែលជាព្រះវររាជបិតារបស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យ ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាយើង បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។
ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដោយមានរៀបចំពិធីប្រទានភ្លើងទានជ័យ រម្លឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិត ដើម្បីទាមទារឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបូជានេះ ក៏ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា គឺមានរយៈពេល ៣ថ្ងៃ។
ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមចងចាំ និងដឹងគុណជានិច្ចចំពោះស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីប្រទេសបារាំង នៃព្រះបរមរតនកោដ្ឋ និងសូមប្តេជ្ញាចូលរួមថែរក្សាការពារឯករាជ្យជាតិ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ៕