ខេត្តកំពង់ស្ពឺ៖ លោកស្រី ឈិន ចំរើន ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺ បានប្តេជ្ញាចិត្តធ្វើការរៀបចំ និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាគុណភាព និងប្រភពផលិតផល
កសិផលស្វាយកែវរមៀត ដើម្បីបង្កើននូវបរិមាណគុណភាព និងតម្លៃសម្រាប់ការនាំចេញទៅក្រៅប្រទេស និងមានតម្លៃខ្ពស់ ។ការលើកឡងរបស់ប្រធានសមាគមស្វាយកែវរមៀតខេត្តកំពង់ស្ពឺនេះ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ក្នុងពិធីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមអាជីវកម្មស្វាយកែវរមៀតកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ឈាវ ផា អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរស្រុក តំណាងមន្ទីរជំនាញពាក់ព័ន្ធ រួមមានជំនាញខាងផលិតកម្មស្វាយ អ្នកលក់ធាតុចូលអ្នកផ្គត់ផ្គង់ អ្នកថែទាំសរុបជិត១០០នាក់ ។លោក ញ៉ិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ស្ថិតិផលិតផលស្វាយនៅខេត្តកំពង់ស្ពឺ សរុបចំនួន៦៤.៣៦២ហិកតា ដើម្បីនាំចេញទៅប្រទេសថៃ វៀតណាម ជប៉ុន កូរ៉េ ចិន និងសហគមន៍អឺរ៉ុប ។ ទន្ទឹមនិងនេះ ក៏មានរោងចក្រកែច្នៃស្វាយធំៗចំនួន២៥ និងសិប្បកម្មខ្នាតតូចសរុបចំនួន៤៩កន្លែង ហេតុដូច្នេះហើយ ទើបមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមអាជីវកម្មស្វាយកែវរមៀតកំពង់ស្ពឺ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង អ្នកប្រកបរបរអាជីវកម្មផលិតផលពីស្វាយ មានទំនាក់ទំនងល្អរវាងវិស័យសាធារណៈ និងឯកជនពាក់ព័ន្ធនឹងផលិតផលស្វាយ លើការផ្តល់ព័ត៌មានទៅវិញទៅមកពាក់ព័ន្ធ នឹងបញ្ហាប្រឈម ដែលបានកើតឡើង ។ អ្នកវិនិយោគផលិតផលពីស្វាយ ងាយស្រួលមកទំនាក់ទំនងជាមួយសមាគមដោយផ្ទាល់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរួម។ថ្លែងក្នុងឱកាសនោះដែរលោក ឈាវ ផា អគ្គនាយករងនៃ អគ្គនាយកដ្ឋានក្នុងប្រទេសក្រសួងពាណិជ្ជកម្ម ក្នុងប្រទេសបានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសប្រធានសមាគមន៍ស្វាយកែវរមៀតកំពង់ស្ពឺ តាមរយៈការបោះឆ្នោតនាថ្ងៃនេះដែរមានសំឡេងគាំទ្របានទៅលើលោកស្រី ឈិន ចំរើន មកពីក្រុមហ៊ុនផ្លយ ហ្គ្រីន លែន ឯ.ក ទន្ទឹមនិងនេះដើម្បីឆ្លើយតបទៅនឹងសម្លេងគាំទ្រ និងការផ្ដល់ទំនុកចិត្តរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាប្រមុខ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់ចំការ ក្រុមហ៊ុនសហគ្រាស សិប្បកម្មកែច្នៃស្វាយអ្នកផ្គត់ផ្គង់ធាតុចូល អ្នកទិញផ្លែស្វាយក្នុង និងក្រៅខេត្តកំពង់ស្ពឺ លោកសង្ឃឹមយ៉ាងមុតមាំថាប្រធានសមាគមអាជីវកម្មស្វាយដែលជាប់ឆ្នោតនេះ និងខិតខំស្វែងរកទីផ្សារនាំចេញអោយបានទូលំទូលាយ និងមានភាពរីកចម្រើនឡើង។ជាមួយគ្នានោះដែរ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានសមាគម និងក្រុមការងារក្នុងការរួមចំណែកអនុវត្តគោលនយោបាយទីផ្សារផលិតផ្លែស្វាយឱ្យបានទូលំទូលាយ និងរីកចម្រើនទៅថ្ងៃអនាគត់។ សមាគមធ្វើជាស្ពានសម្រាប់ជួយដោះស្រាយបញ្ហានានាដែលបានកើតឡើង ឫសំណូមពរដល់សភាពាណិជ្ជកម្ម ដល់អាជ្ញាធរដែនដី និងជំនាញពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការរកដំណោះស្រាយជូន និងទទួលបានធាតុចូលពីគ្រប់ភាគីអ្នកពាក់ព័ន្ធ។
ចំណែកលោកស្រី ឈិន ចំរើន ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺក៏បានប្តេជ្ញាចិត្តធ្វើការរៀបចំ និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដើម្បីធានាគុណភាពនិងប្រភពផលិតផល បង្កើនទំនាក់ទំនងល្អរវាងកសិករ អាជីវករក្រុមហ៊ុននិងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយនិងលើកតម្កើងផលិតផលឬកសិផលស្វាយកែវរមៀត កំពង់ស្ពឺដោយបង្កើននូវបរិមាណគុណភាពនិងតម្លៃសម្រាប់ការនាំចេញ ធ្វើការចែករំលែកបទពិសោធន៍តាមរយៈការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសមាជិកសមាគមឲ្យយល់ពីបទដ្ឋានបច្ចេកទេសនានាដើម្បីឲ្យទីផ្សារស្វាយកាន់តែទូលំទូលាយនិងរីកចម្រើនទៅថ្ងៃអនាគត់ផងដែរ៕