(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ធ្វើការសហការជាមួយអជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក វង្ស ណាផាត ប្រធានក្រុមព្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមកម្មពិធីដាំកូនត្នោត១ពាន់ដើម ជាជំហានទី១ ក្នុងគម្រោង១ម៉ឺនដើម តាមផ្លូវល្បឿនលឿន ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ សម្ព័នយុវជនស្រលាញ់សន្តិភាព សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិប្រទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងច្រើនកុះករ នៅផ្លូវបណ្ឌិត ម៉ុង ឬទ្ធី កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
គោលបំណងក្នុងការដាំកូនត្នោតនាព្រឹកនេះ គឺផ្តោតសំខាន់ទៅលើការបំផុសផ្នត់គំនិតសិស្សនិស្សិត យុវជន យុវនារី ជំនាន់ក្រោយដោយស្រលាញ់សម្បត្តិធម្មជាតិ ក៏ដូចជាការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាអត្តសញ្ណាណជាតិ ជាពិសេសគុណតម្លៃនៃដើមត្នោត។
គួកត់សម្គាល់ផងដែរថា ក្នុងចំណោមរុក្ខជាតិទាំងអស់សុទ្ធតែមានគុណប្រយោជន៍ផ្សេងៗគ្នា ក្នុងនោះដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានគុណតម្លៃច្រើន ព្រោះដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថប្រយោជន៍យ៉ាងច្រើនចាប់តាំងពីឬស រហូតដល់ស្លឹក។
ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានបញ្ជាក់បន្ថែមថា យោងតាមផែនការគ្រោងទុកដំណាក់កាលទី១ ស្ថានីយ៍បណ្តុះកូនឈើរបស់កសិដ្ឋាន ម៉ុង ឬទ្ធីគ្រុបគ្រោងនឹងបណ្តុះកូនត្នោតចំនួន១ម៉ឺនដើម ប្រសិនបើមានតម្រូវការបន្ថែមកសិដ្ឋាននឹងបន្តបណ្តុះប្រភេទកូនត្នោតនេះបន្តទៀត។
គូសបញ្ជាក់ថា កូនត្នោតដែលបានដាំនៅព្រឹកនេះមានចំនួន១ពាន់ដើម ក្នុងចំណោម១ម៉ឺនដើម នៃផែនការដំណាក់កាលទី១៕
ដោយ ៖ វុន សុខជា