នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យកីឡាករ ដាវ លឺដុឌ (Dave Leduc) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺដុឌ ពាក់ព័ន្ធនឹងបំណងក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបានសម្រេចដូចបំណងប្រាថ្នាហើយ ។ សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ លោកតែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។
ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់កិត្តិយសឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និងបានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។ បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា ៕