លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ដោយឥតគិតថ្លៃ
ជីវ័ន្ត - ១៦ កញ្ញា ២០២៤
image

ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានទទួលការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្មវិធីសប្បុរសធម៌នេះ បានរៀបចំឡើងស្ថិតក្នុងក្នុងបរិវេណ បឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមានការចូលរួមពីឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមន្ទីរ អង្គភាព កម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនជកម្ពុជាខេត្តសៀមរាប យុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯកនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់រួមមានជម្ងឺទូទៅ ជម្ងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជម្ងឺបេះដូង ពិនិត្យជម្ងឺភ្នែក វះកាត់តូច ជម្ងឺឫសដូងបាត ជម្ងឺសន្លាក់ ជម្ងឺសើរស្បែក ត្រចៀក ច្រមុះ បំពងក ថតកាំរស្មី ពិនិត្យឈាម និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជម្ងឺធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះ សរុបមានចំនួន ៩ពាន់២២៤ ករណី ។ ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន ៥៨នាក់។ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣