រយៈពេល ១ខែ ច្រកចេញតែមួយ ផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ បានជាង ៤៥ម៉ឺនសេវា
ជីវ័ន្ត - ១៤ កញ្ញា ២០២៤
image

ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដោយមានការទទួលខុសត្រូវដឹកនាំសម្របសម្រួលដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងរយៈពេល ៣១ថ្ងៃ នៃខែសីហា ឆ្នាំ២០២៤ នេះ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបដល់ទៅ ៤៥៤ ៦៧០សេវា។

 ក្នុងចំណោមសេវាដែលបានផ្ដល់ជូនពលរដ្ឋជាង ៤៥ម៉ឺនសេវានោះ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលសរុបចំនួន ៧៩ ២៨២សេវា ក្នុងនោះសេវាផ្ដល់ជូនច្រើនជាងគេក្នុងចំណោម ១៤វិស័យ គឺសេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានរហូតដល់ទៅ ១៧ ៩៣០សេវា ខណៈសេវាមានការស្នើសុំតិចជាងគេ គឺសេវាក្នុងវិស័យពាណិជ្ជកម្ម ដែលមានត្រឹមតែ ២សេវា។ ដោយឡែកចំណូលដែលទទួលបានពីការផ្ដល់សេវាតាមបណ្ដាអង្គភាពច្រកចេញចូលរាជធានី ខេត្ត នេះ មានសរុបចំនួន ១២ ៣៧២ ២១៦ ១៣៥រៀល ស្មើនឹងប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។

ចំណែកការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌវិញ ក្នុងខែសីហាដូចគ្នា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋ ចំនួន ៣៧៥ ៣៨៨សេវា ក្នុងនោះសេវាការងារអត្រានុកូលដ្ឋាន បានផ្ដល់ជូនច្រើនជាងគេ បើធៀបនឹងសេវាក្នុងវិស័យទាំង១៧ គឺមានរហូតដល់ទៅ ២២៨ ៥១៦សេវា ខណៈសេវាដែលមានការស្នើសុំតិចជាងគេ គឺសេវាវិស័យបរិស្ថាន មានចំនួន ២សេវា និងសេវាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទទួលបានការស្នើសុំតែម្ដង។ ទន្ទឹមនឹងនេះ ក្នុងខែសីហា ការផ្ដល់សេវាសរុបតាមការិយាល័យច្រកចេញចូលតែមួយ ទទួលបានចំណូល ចំនួន ៨៦៨ ៧១៣ ៤៦០រៀល ស្មើនឹងប្រមាណជាង ២១ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ថា សេវាដែលអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋទាំង១៤វិស័យ រួមមាន៖ ១. ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) ២. ការងាររដ្ឋបាល ៣. វិស័យសុខាភិបាល ៤. វិស័យទេសចរណ៍ ៥. វិស័យសាធារណការនិងដឹកជញ្ជូន ៦. វិស័យវប្បធម៌ និងវិចិត្រសិល្បះ ៧. វិស័យព័ត៌មាន ៨. វិស័យបរិស្ថាន ៩. វិស័យឧស្សាហកម្ម និងសិប្បកម្ម ១០. វិស័យរ៉ែនិងថាមពល ១១. វិស័យពាណិជ្ជកម្ម ១២. វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣. វិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ១៤. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដោយឡែកសម្រាប់សេវាដែលការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បាននឹងកំពុងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញ ចំនួន ១៧ រួមមាន ៖ ១. វិស័យទេសចរណ៍ ២. វិស័យវប្បធម៌ ៣.មវិស័យពាណិជ្ជកម្ម ៤. វិស័យសាធារណការ ៥. វិស័យឧស្សាហកម្ម ៦. វិស័យសំណង់ ៧. វិស័យកសិកម្ម ៨. វិស័យសុខាភិបាល ៩. វិស័យអប់រំ ១០. វិស័យរ៉ែនិងថាមពល ១១. វិស័យបរិស្ថាន ១២. វិស័យការងារ ១៣.នវិស័យធម្មការនិងសាសនា ១៤. ការងារអត្រានុកូលដ្ឋាន ១៥. ការងារនីត្យានុកូលកម្ម ១៦. ការងាររដ្ឋបាល និងទី១៧.នការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣