ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
ក្នុងជំនួប ឯកឧត្តម កៅ ថាច បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធ្វើប្រតិបត្តិការចម្បងផ្ដោតលើការផ្ដល់ឥណទាន ដល់អតិថិជន ដើម្បីជួយសម្រួលការពង្រឹងនិងពង្រីកការងាររកចំណូលឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន ធនាគារARDB កំពុងស្វែងរកឱកាសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធបន្ថែម ដើម្បីពង្រីកការផ្ដល់ឥណទានជូនអតិថិជន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍លើកឡើងពី គម្រោងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងទៅ ផ្តោតលើសរសស្តម្ភចំនួន៣ គឺស្អាត បៃតង និងចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យ មានរៀបចំអនុស្សារណៈយោគយល់ រវាងក្រសួងបរិស្ថាន និងធនាគារARDB ផ្តោតទៅលើកិច្ចសហប្រតិបត្តិការមូលនិធិអាកាសធាតុបៃតង Green Climate Fund ជាពិសេសលើគម្រោងការលើកកម្ពស់ជីវភាពសហគមន៍ដាំឫស្សី។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងនេះអាចជួយឱ្យសហគមន៍ដាំដុះឬស្សី ដើម្បីបង្កើនគម្របព្រៃ និងជួយបង្កើនជីវភាពសហគមន៍ ព្រោះឫស្សីដាំដុះលឿន និងងាយស្រួលក្នុងការយកមកធ្វើការកែច្នៃ៕