ចម្លាក់បដិមាទ្វារបាលចំនួន១ រកឃើញនៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី
ជីវ័ន្ត - ២៣ សីហា ២០២៤
image

ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។

បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។

លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣