ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋកម្ពុជា បានចាញ់បោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជិត ៤០លានដុល្លារ
Kim Chivorn - ២០ សីហា ២០២៤
image

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋកម្ពុជា បានចាញ់បោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជិត៤០លានដុល្លារអាម៉េរិក បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាកំពុងជឿនលឿនដែលជាហានិភ័យខ្ពស់ ក្នុងការធ្វើឱ្យមានឱនភាពនៃសីលធម៌សន្ដិសុខសណ្ដាប់សង្គម។

ថ្លែងក្នុងទិវាអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ គឺមិនខុសពីអ្វីដែលពិភពលោកកើតឡើងនោះទេ ដោយក្នុងរយៈ៦ ខែដើមឆ្នាំ២០២៤នេះ ក្រៅពីការចាញ់បោក និងឆបោកតាមប្រព័ន្ធអេឡិចត្រូនិច មានប្រជាពលរដ្ឋកម្ពុជាបាត់បង់ទឹកប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ការបាត់បង់ទឹកប្រាក់ប្រមាណជិត៤០លានដុល្លារអាម៉េរិកនេះ គឺកម្ពុជាពិបាកក្នុងការរកឃើញ និងប្រគល់ឱ្យសាមីខ្លួនវិញណាស់។ ទន្ទឹមនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ក៏មានការចាញ់បោកតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតឱ្យមកធ្វើការនៅកម្ពុជា និងទទួលបានប្រាក់ខែខ្ពស់ផងដែរ។

ជាមួយគ្នានេះ ការវិវត្ដន៍ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ៦ខែ ក្នុងការបង្ក្រាបការធ្វើអនឡាញខុសច្បាប់នៅខេត្ដព្រះសីហនុ ដោយបានរំដោះប្រជាពលរដ្ឋ ៨សញ្ជាតិ មានជាង១៦០០នាក់ និងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយក្នុងការផ្សព្វផ្សាយឱ្យអ្នកវិនិយោគ មកវិនិយោគខុសច្បាប់នៅកម្ពុជានោះទេ ។ ពិសេសការឆបោកតាមអនឡាញនេះ បន្ទាប់ពីរអង្គការសិទ្ធិ មនុស្សបានដាក់កម្ពុជាឱ្យនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលជាលក្ខណៈស្ដង់ដា២ ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយ និងបន្ដខិតខំប្រឹងប្រែងពង្រឹងផែនការយុទ្ធសាស្រ្តក្នុងការកែលម្អមុខមាត់របស់កម្ពុជាផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានផែនការច្បាស់លាស់ និងរបាយការណ៍ជាប់ជាប្រចាំជូនដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងរបាយការណ៍ជាក់លាក់សម្រាប់ធ្វើឱ្យកម្ពុជាអាចធ្លាក់មកចំណាត់ថ្នាក់លេខ២វិញ។ ប៉ុន្ដែទោះបីជាយ៉ាងក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់អំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញឱ្យបានខ្លាំងបន្ថែមទៀត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា៕ 
ប្រភព៖ វិទ្យុជាតិកម្ពុជា

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣