បង្ក្រាបគ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធ ឃាត់ខ្លួនជនជាតិបរទេស២នាក់ និងគ្រឿងញៀនជាង១ពាន់ក្រាម
ជីវ័ន្ត - ១៨ កក្កដា ២០២៤
image

បន្ទាយមានជ័យ៖ ជនជាតិចិន និងវៀតណាមពីរនាក់ ជួញដូរគ្រឿងញៀន នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាប បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្ត នៅថ្ងៃទី17 ខែកក្តដា ឆ្នាំ2024។

ជនសង្ស័យទាំង២នាក់ 1-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ24ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ (ជួញដូរ និងប្រើប្រាស់), 2-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ29ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថាបន្ទាប់ពីសេចក្តីរាយការណ៍ថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង00និង30នាទី  ថ្ងៃទី16 ខែកក្កដា ឆ្នាំ2024 លោកបានដឹកនាំកម្លាំង ចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ចាប់បានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់168.10ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន1កញ្ចប់ ទម្ងន់ 708.80ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែស្ត្របឺរីពណ៌ខៀវ (អ៊ិចស្តាស៊ី) ចំនួន 15កញ្ចប់, កញ្ចប់ម្សៅរូបសេះពណ៌ក្រហម (អ៊ិចស្តាស៊ី) ចំនួន 06កញ្ចប់, ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ (ជាសារធាតុញៀន) ចំនួន ០២កញ្ចប់, ថ្នាំគ្រាប់រាងមូលពណ៌បៃតងចាស់ (ជាសារធាតុញៀន) ចំនួន03កញ្ចប់ ស្មើនឹង32គ្រាប់ ទូរស័ព្ទ ចំនួន02គ្រឿង(ម៉ាក IPhone-X ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ទឹកប៊ិច) រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា  ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្តទៀត៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣