សេចក្តីថ្លែងការណ៍របស់ សហភាពសហជីពកម្ពុជា-អាស៊ាន (CACU) ចំពោះបាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់
ធី ជុំ - ១៨ មិថុនា ២០២៤
image

សហភាពសហជីពកម្ពុជា-អាស៊ាន គឺជាអង្គការវិជ្ជាជីវៈមួយដែលបម្រើផលប្រយោជន៍ និងការពារសិទ្ធិសេរីភាពជូនបងប្អូន កម្មករនិយោជិតទាំងក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបព្រមទាំងបងប្អូនក្រៅប្រព័ន្ធផងដែរ គឺពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះរបាយការណ៍សង់ត្រាល់ ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ដែលមានចំណងជើងថា “ របាយការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្តីពីសេរីភាពសហជីព ក្នុងប្រទេសកម្ពុជា” ដែលមាន ចំនួន ១២ទំព័រ។

យោងតាមការពិនិត្យខ្លឹមសាររបាយការណ៍បានផ្សាយចេញដោយសង់ត្រាល់យើងសង្កេតឃើញថា បញ្ហាដែលសង់ត្រាល់បានលើឡើងមានខ្លឹមសារដល់១២ទំព័រ ប៉ុន្តែខ្លឹមសារទាំងនោះពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO BFC និង បញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពនៅក្នុងក្រុមហ៊ុនមួយប៉ុណ្ណោះ។ ខ្លឹមសារនេះហាក់មិនស៊ីគ្នានឹងចំណងជើងនៃរបាយការណ៍សោះ។ យើងពុំអាចចាត់ ទុកថាជាឧបសគ្គរារាំងភាពជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ អាចនិយាយថា ជារបាយកាណ៍ ចោទប្រកាន់ ឬបំប៉ោងបញ្ហាបំភ្លើសការពិតទើបត្រូវជាង។

សហភាពសហជីពកម្ពុជា-អាស៊ាន យល់ឃើញថា សហជីពគឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើតឡើងដោយកម្មករ និយោជិតមួយក្រុមដែលពួកគាត់បានមូលមតិគ្នាក្នុងការបង្កើតឡើងក្នុងគោលបំណងសម្រាប់ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់។ នៅក្នុងប្រទេសកម្ពុជាសហជីពណាក៏ឯករាជ្យដែរ គ្រាន់តែមានស្ថាប័នមួយចំនួនចេះតែវាយតម្លៃដោយថាសហជីពនេះឯករាជ្យ សហជីព នោះមិនឯករាជ្យប៉ុណ្ណោះ។ ជាក់ស្តែងអ្វីដែលយើងខ្ញុំតែងតែសង្កេតឃើញ គឺមាន សហព័ន្ធសហជីព មួយចំនួនចុះចងក្រងសហជីពតាមមូលដ្ឋានប៉ះចំមូលដ្ឋានមានសហជីពដែលគេចុះបញ្ជីមុន តែងតែធ្វើសកម្មភាពវាយប្រហារជាពាក្យសម្ដី ឬតាមរូបភាពផ្សេងៗដាក់គេមុនលុះពេលដែលគេតបត បែជាចោទថាសហជីពម្ខាងទៀតមិន ឯករាជ្យ សហជីពខាងនេះ ខាងនោះទៅវិញ។

សហភាពសហជីពកម្ពុជា-អាស៊ាន សង្កេតឃើញថា សហព័ន្ធសហជីពខ្លះស្ថិតនៅក្រោមការបង្កប់បញ្ហារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយបរទេស និងបម្រើនយោបាយឲ្យជនបរទេសខិលខូចនៅក្រោយខ្នងទៀតផង ហើយពួកគេតែងបញ្ជាឲ្យ សហព័ន្ធសហជីពនោះបង្កើតនូវរូបភាពឬបញ្ហាផ្សេងៗដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារនិងធ្វើឲ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិភ័យបាត់បង់ការងារខាតបង់លុយកាកទៀតផង។ សហព័ន្ធសហជីពបែបនេះទើបគេឲ្យឈ្មោះថា សហព័ន្ធសហជីពឯករាជ្យដែលទទួលស្គាល់ដោយក្រុមគេមួយក្តាប់តូចប៉ុណ្ណោះ។ សហព័ន្ឋបែបនេះទើបពួកគេបានទទួលជំនួយពីបរទេស ធ្វើការឲ្យបរទេសដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួមជាតិខ្លួនឯងបំផ្លាញមុខមាត់ប្រទេស ជាតិខ្លួនឯង។

សហភាពសហជីពកម្ពុជា-អាស៊ាន បានសង្កេតឃើញថាបច្ចុប្បន្នការចុះបញ្ជីកា សហភាព សហព័ន្ធ សហជីព សហជីពមូលដ្ឋានណាក៏អាចចុះបញ្ជីបានដែរឲ្យតែគោរពតាមលក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់សហជីពតម្រូវបានត្រឹមត្រូវ។ ហេតុនេះសូមសង់ត្រាល់ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុនដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៏អ្នកវិនិយោគទុនថ្មីដែលមានបំណងចង់មកវិនិយោគទុននៅកម្ពុជាផងដែរ។ ដែលផ្ទុយទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្វែងរកអ្នកវិនិយោគជាច្រើនដើម្បីនាំមកនូវការងារធ្វើជាច្រើន ជូនបងប្អូនកម្មករនិយោជិត ព្រមទាំងជំនាញផ្សេងៗក្នុងន័យអភិវឌ្ឍន៍ប្រទេសជាតិឲ្យសម្បូររុងរឿង។

សហភាពសហជីពកម្ពុជា-អាស៊ាន សូមគោរពស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ឋ មេត្តាស្រាវជ្រាវ ចាត់វិធានការផ្លូវច្បាប់អ្នកនៅក្រោយខ្នងសង់ត្រាល់លួចផ្តល់ជំនួយហើយបញ្ជាឲ្យបំប៉ោងការពិតដើម្បីញុះញ៉ង់បំផ្លិចបំផ្លាញ់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងចេតនាឲ្យបង្ករអស្ថេរភាព មានចលាចលកើតឡើង នាំឲ្យខាតប្រយោជន៏បងប្អូនកម្មករនិយោជិត និងសង្គមជាតិ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣