ខេត្តព្រះសីហនុ ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ បានលើកឡើងថា ការគ្រប់គ្រងសំរាមនិងទឹកលូជារឿងសំខាន់សម្រាប់ទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ គឺត្រូវពន្លឿនក្នុងការគ្រប់គ្រងអនុវត្តបើមិនដូច្នោះទេធ្វើឲ្យបាត់បង់ឱកាសក្នុងការកសាងនិងពូនជ្រុំខេត្តព្រះសីហនុ ទៅជាខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយ។
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ មានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានសមត្ថភាពបន្សុទ្ធពីទឹកកខ្វក់ទៅជាទឹកស្អាតបាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មុននឹងបង្ហូរបញ្ចេញទៅសមុទ្រនាថ្ងៃទី២២ខែមីនាឆ្នាំ ២០២៤ស្ថិតក្នុងឆ្នេរអូឈើទាល២សង្កាត់លេខ ៤ក្រុងព្រះសីហនុ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានមានប្រសាសន៍បន្ថែមថាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ក្នុងឱកាសដ៏វិសេសវិសាលនេះ គឺជាការយកចិត្តទុកដាក់គិតគូររបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានសម្រេចដាក់ចេញគោលការណ៍
ស្លឹកត្នោតខ្ចប់ស្ករត្នោត និងដកថវិកាសន្សំរបស់ជាតិចំនួន ១០០ លានដុល្លារក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត នៅក្នុងខេត្តព្រះសីហនុ។
ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចការនឿយហត់ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ប្រវែង ៤៨៤.០៦៥ម៉ែត្រ បន្ទប់ទឹកសាធារណៈ ការកសាងរូបបដិមាស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត បានបញ្ចប់ជាស្ថាពរដោយជោគជ័យទទួលបានការគាំទ្រសាទរ និងមានការគោរពកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ប្រជាជន ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបន្ថែមថានៅពេលដែលកំណើនប្រជាពលរដ្ឋ កំណើនការអភិវឌ្ឍកំណើនភ្ញៀវទេសចរ មានការកើនឡើងច្រើនទាមទារឲ្យយើងរៀបចំនូវងស្ថានីប្រព្រឹត្តិកម្មចម្រុះទឹកកខ្វក់ទោះបីថ្ងៃនេះយើងទទួលបានស្ថានីយចម្រុះទឹកកខ្វក់ថ្មីក៏ប៉ុន្តែយើងត្រូវរួមគ្នាបន្តគិតគូរទៅថ្ងៃមុខរាល់ទឹកកខ្វក់ត្រូវតែមានការចម្រោះមុននឹងបង្ហូរទៅក្នុងសមុទ្រ។
ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ចតាមការតាមរយៈការជំរុញធ្វើកំណែទម្រង់នានាដោយការទទួលខុសត្រូវ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍមាតុភូមិ ។
ទន្ទឹមនេះ បញ្ចកោណទី២ មុំទី១ បានផ្តោតលើអាទិភាពគឺការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូព័ហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយនិងការរៀបចំផែនការមេអភិវឌ្ឍ បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។
ក្នុងពិធីនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើរបាយការណ៍ដោយលើកឡើងថាសមិទ្ធផលថ្មីៗជាច្រើន ដែលខេត្តព្រះសីហនុបាននិងកំពុងមានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធការទាក់ទាញអ្នកវិនិយោគទេសចរណ៍ជាពិសេស ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងចំពោះមុខរបស់ខេត្តព្រះសីហនុ។
អំពីការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុ ក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់បរិស្ថាន ជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រ ជាដើម ។ល។ ក្នុងគោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្ដង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅសមុទដោយប្រើបច្ចេកវិទ្យាចុងក្រោយរបស់MABR ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ដោយឡែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានស្ថាបនារួចរាល់ ជាស្ថាពរ នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា៕