ប្រជាពលរដ្ឋរស់នៅចំនួន៣សង្កាត់ ក្រុងព្រះសីហនុ ទទួលបានសមិទ្ធផលផ្លូវបេតុង៩ខ្សែ ក្នុង គម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៤ នឹងបើកការដ្ឋាន សាងសង់ នាពេលដ៏ខ្លីខាងមុខនេះ
sokchea - ១៧ មីនា ២០២៤
image

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅចំនួន៣សង្កាត់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងទទួលបាន សមិទ្ធផលផ្លូវបេតុង ក្នុងគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៤ ដែលបានបើក កម្មពិធី ដេញថ្លៃរួចរាល់ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ សាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការនាំសម្របសម្រួលដោយ លោក ឃាង ភារម្យ នាយកទី ចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ និងលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងមានការចូលរួមពីក្រុម ការងារបច្ចេក ទេសខេត្ត គណៈកម្មការ លទ្ធកម្មសង្កាត់ទាំង៣ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នក សារព័ត៌មាន ជាច្រើនរូបទៀត។ កិច្ចប្រជុំបើកសំណើដេញ ថ្លៃបានដំណើរការ ដោយ រលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ដោយទទួល បានលទ្ធផលដូចខាងក្រោម៖ 
-សង្កាត់លេខ១ មាន ០២គម្រោង៖
គម្រោងទី១. សាងសង់ផ្លូវបេតុងអារម៉េចំនួន ១ខ្សែ ប្រវែងសរុប ១៤១ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រោស់ ០,២០ម៉ែត្រ តម្លៃប៉ាន់ស្មាន ៩១,២២១,៥០០ រៀល។ មានក្រុមហ៊ុនចំនួន០៤ បានចូលរួមដេញថ្លៃ (មិនមានសុពលភាព ចំនួន ០១ក្រុមហ៊ុន) ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន រុន ស្រីហ៊ុច ក្នុងតម្លៃ ៥៤.៥៦៧.០០០ រៀល។
គម្រោងទី២. សាងសង់ផ្លូវបេតុងអារម៉េចំនួន ៣ខ្សែ ប្រវែងសរុប ៣៣០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រោស់ ០,២០ម៉ែត្រ ដាក់លូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិតទំហំ ០,៦ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១០កន្លែង និងលូប្រអប់ទំហំ ទទឹង ៣,៥ម៉ែត្រ កម្ពស់ ២ម៉ែត្រ ប្រវែង ៦,៥ម៉ែត្រ ចំនួន ១កន្លែង តម្លៃប៉ាន់ស្មាន ៤៤២,៣៦៦,៧០០ រៀល។ មានក្រុមហ៊ុនចំនួន០៥ បានចូលរួមដេញថ្លៃ ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន ហ៊ួ ប៉ូរខនស្រាក់សិន ក្នុងតម្លៃ ២៧៨.០០០.០០០ រៀល។
-សង្កាត់លេខ២ មាន ០២គម្រោង៖ គម្រោងទី១. សាងសង់ផ្លូវបេតុងអារម៉េចំនួន ១ខ្សែ ប្រវែងសរុប ២៥២ ម៉ែត្រ ទទឹង ៨,២៥ ម៉ែត្រ កម្រោស់ ០,២០ម៉ែត្រ ដាក់លូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិតទំហំ ០,៦ម៉ែត្រ និងអណ្តូងលូចំនួន ២កន្លែង ប្រវែង ១០ម៉ែត្រ ចំនួន ១កន្លែង តម្លៃប៉ាន់ស្មាន ៣០៩,៧១០,៦០០ រៀល។ មានក្រុមហ៊ុនចំនួន០៣ បានចូលរួមដេញថ្លៃ ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន ហ៊ួ ប៉ូរខនស្រាក់សិន ក្នុងតម្លៃ ២២៥.០០០.០០០ រៀល។
-សង្កាត់លេខ៣ មាន ០៣គម្រោង៖ គម្រោងទី១. សាងសង់ផ្លូវបេតុងអារម៉េចំនួន ១ខ្សែ ប្រវែងសរុប ១៤៣ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រោស់ ០,២០ម៉ែត្រ តម្លៃប៉ាន់ស្មាន ៨៣,៧២២,៤០០រៀល។ មានក្រុមហ៊ុនចំនួន០៣ បានចូលរួមដេញថ្លៃ ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន រ៉ុន ស្រីហ៊ុច ក្នុងតម្លៃ ៤៩.៤៧៨.០០០ រៀល។
គម្រោងទី២. សាងសង់ផ្លូវបេតុងអារម៉េចំនួន ១ខ្សែ ប្រវែងសរុប ២១៩ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រោស់ ០,២០ម៉ែត្រ ដាក់លូជ្រុងទំហំ ទទឹង ១,៣ម៉ែត្រ កម្ពស់ ១ម៉ែត្រ(សាច់ក្នុង) ប្រវែង ៧ម៉ែត្រ មានគម្របកម្រាស់ ០,២ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៩៦,៥៦៤,៥០០ រៀល។ មានក្រុមហ៊ុនចំនួន០៣ បានចូលរួមដេញថ្លៃ ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន រ៉ុន ស្រីហ៊ុច ក្នុងតម្លៃ ១២៣.៦៧៦.០០០ រៀល។
គម្រោងទី៣. សាងសង់ផ្លូវបេតុងអារម៉េចំនួន ២ខ្សែ ប្រវែងសរុប ១៧០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រោស់ ០,២០ម៉ែត្រ តម្លៃប៉ាន់ស្មាន ១២២,៣៣៦,៥០០ រៀល។ មានក្រុមហ៊ុនចំនួន០៣ បានចូលរួមដេញថ្លៃ ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន រ៉ុន ស្រីហ៊ុច ក្នុងតម្លៃ ៦៨.០០០.០០០ រៀល។

បន្ថែម អំពីវឌ្ឍនភាពគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៤ សរុបមានចំនួន ២៩ឃុំ សង្កាត់ បានចុះសិក្សារួចចំនួន ២៩ឃុំ សង្កាត់ ស្មើនឹង៤១គម្រោង ក្នុងនោះ៖
-ឃុំ សង្កាត់ បានប្រកាសដេញថ្លៃ មានចំនួន ១៧ឃុំ សង្កត់ ស្មើនឹង ២៣គម្រោង
-គម្រោងបានដេញថ្លៃរួចរាល់មានចំនួន ៨ សង្កាត់ ឃុំ ស្មើនឹង ១៣គម្រោង ស្នើនឹង ២១ខ្សែផ្លូវ 
-គម្រោងស្ថិតក្នុងសុពលភាពប្រកាសដេញថ្លៃមានចំនួន ១០គម្រោង។

ក្រោយបញ្ចប់កម្មពិធីបើកសំណើរ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការ ដេញថ្លៃជាបន្តបន្ទាប់តាមបណ្តា ឃុំសង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បាន បញ្ចប់គម្រោងនិងទទួលបានសមទ្ធផលផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមកនេះ។

លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួល បានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនា ផ្លូវទៅ តាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋ ប្រើប្រាស់ បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផល ប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេល វេលាផដែរ។

ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន  ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣