ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
PANHA - ០៧ មីនា ២០២៤
image

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) រំពឹងថាក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូលនៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូងនៃសមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ស.ស.យ.ក. បានបង្កើតផែនការយុទ្ធសាស្ត្រដំណាក់កាលទី២ ស្តីពី “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ២០២៣-២០២៨” ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិស ក្នុងការបន្តបំពេញបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា ក្នុងការចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្ររបស់ ស.ស.យ.ក. គ្រប់ដំណាក់កាល ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបំពេញភារកិច្ច ទទួលខុសត្រូវរបស់ខ្លួនយ៉ាងសកម្ម ចាប់ពីឆ្នាំ២០២១ តាមរយៈការដាក់ចេញផែនការសកម្មភាពប្រចាំឆ្នាំជាបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បន្តទៀតថា មកដល់ពេលនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ រួចហើយ និងបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារនៅថ្ងៃនេះ ដើម្បីឆ្លុះបញ្ចាំងអំពីស្នាដៃ និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ។ នេះគឺជាការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ជាលើកទី៣ ហើយ បន្ទាប់ពីក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ត្រូវបានបង្កើតឡើង។

ពីវេទិកាពិធីបើកសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការជឿជាក់ថា ការជួបជុំប្រចាំឆ្នាំ នាឱកាសនេះ នឹងផ្តល់ជាក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សមាជិកគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យរួម សម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្នុងបរិការណ៍ប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើននូវភាពធន់ និងកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏មានជំនឿយ៉ាងមុតមាំថា បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ដែលជាសមាជិករបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើពុទ្ធិ និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមនិន្នាការនៃសេដ្ឋកិច្ច និង សង្គម តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤។

សូមបញ្ជាក់ជូនថា ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំ ចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន សរុបចំនួនប្រមាណ ៥០០នាក់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣