ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ពិសេសខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបានស្ម័គ្រចិត្តចូលរួមជាអ្នកសង្កេតការណ៍ជាតិ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ឯកឧត្តម អភិសន្តិបណ្ឌិត បានបញ្ជាក់ទៀតថា៖ ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការលះបង់នូវកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែប្រសើរថែមទៀត និងជាការហាត់រៀនបន្ថែមនូវបទពិសោធ និងចំណេះដឹង ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិ។
ក្នុងនោះដែរ ឯកឧត្តម សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ក៏ដូចជាក្រុមការងារចុះជួយ ដែលបានរៀបចំចាត់ចែង និងឧបត្ថម្ភដល់សមាជិក សមាជិកា ស.ស.យ.ក. ជាអ្នកសង្កេតការណ៍ទាំងអស់ ធ្វើឱ្យដំណើរការនៃការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកាយើង បានអនុវត្តការងារទៅដោយរលូន និងជោគជ័យ ស្របតាមតួនាទីភារកិច្ចដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់។
ជាចុងក្រោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមជូនពរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕