សិក្ខាសាលាស្តីពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) របស់សហភាពសហជីពកម្ពុជា-អាស៊ាន
ធី សុជុំ - ១២ កុម្ភៈ ២០២៤
image

កណ្តាល៖ សិក្ខាសាលាស្តីពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅស្នាក់ការ សហភាពសហជីពកម្ពុជា-អាស៊ាន ក្រោមអធិបតីភាព លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក (បសស) និងជាគណៈអធិបតីតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក សាត់ ឈាងហួ ប្រធានសហភាពសហជីពកម្ពុជា-អាស៊ាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហជីពមូលដ្ឋាន សមាជិ-សមាជិកា ជាជនបង្គោល ចំនួន ៤៨ រូប។

លោក សុក បូរ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមពាំនាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខ សូមឲ្យសិក្ខាកាមទាំងអស់យកចំណេះដឹងទាំងអស់នេះ ទៅផ្សព្វផ្សាយបន្តដល់សមាចិកសមាជិកាឲ្យបានយល់ច្បាស់ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា ខ្លឹមសារសិក្ខាសាលានេះមានអត្ថប្រយោជន៍សំខាន់ៗដូចជា៖១-អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ រួមចំណែកលើកកម្ពស់សុវត្តិភាព និងសុខភាពនៅកន្លែងការងារ, ២-ផ្នែកថែទាំសុខភាព, ៣-ផ្នែកប្រាក់សោធន, ៤-បុគ្គលស្វ័យនិយោជន៍និងអ្នកនៅក្នងបន្ទុក, 5-កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក បសស ជាស្រ្តីមានផ្ទៃពោះ និងអាយុក្រោម ២ឆ្នាំ និង ៦-ឧបសម្ព័ន្ធរូបមន្តគណនាអត្រាប្រាក់សោធន ដេលកម្មករនិយោជិតគ្រប់រូបទទួលបានតាមចំនួនឆ្នាំរៀងៗខ្លួន ។

ឆ្លៀតក្នុងឱកាសនោះ លោក សាត់ ឈាងហួ ប្រធានសហភាពសហជីពកម្ពុជា-អាស៊ាន បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ដែលទទួលចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់សមាជិកសមាជិកាតាមមូលដ្ឋាន ឲ្យបានទូលំទូលាយ។ ជាមួយគ្នានេះដែរ លោកប្រធានបានសំណូមពរដល់សិក្ខាកាមក្នុងនាមជាជនបង្គោលផងនោះ សូមជួយផ្សព្វផ្សាយនូវសារពិសេសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវផែនការយុទ្ធនាការតាមខ្នងផ្ទះឲ្យបាន ១លាន៥០ម៉ឺននាក់ ដែលជាសិស្ស ឬពលរដ្ឋស្ថិតនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ឲ្យបានចុះឈ្មោះចូលរៀនជំនាញខ្លីៗ (រៀនឲ្យចេះ រៀនឲ្យចប់ រៀនឲ្យបានការងារធ្វើ) និងសូមឲ្យពលរដ្ឋម្នាក់ៗមានប័ណ្ណ បសស មួយសន្លឹក និងសូមជូនពរដល់ពលរដ្ឋកម្ពុជាទាំងអស់ មានសុខភាពល្អ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសសំបូររុងរឿង៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣