ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញទិសដៅអនុវត្តបន្ត ៧ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
THY CHOM - ០៨ កុម្ភៈ ២០២៤
image

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ជ.ច.គ) បានដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ចំនួន ៨ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ទិសដៅអនុវត្តបន្តទាំង ៧ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញនាឱកាសនោះ រួមមាន៖

ទី១. ស្នើឱ្យនគរបាលចរាចរណ៍ បន្តជំរុញបន្ថែមឱ្យបានខ្លាំងក្លានូវការរឹតបន្តឹងអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់ ពិសេសនៅភូមិសាស្រ្ត ដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២៣ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ នេះ ឱ្យមានប្រសិទ្ធភាព។

ទី២. ដើម្បីឆ្លើយតបនឹងកំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ ក្រសួង ស្ថាប័នជំនាញ ត្រូវសិក្សាកសាងផែនការ និងមានវិធានការ ឱ្យបានច្បាស់លាស់តាមដំណាក់កាលនីមួយៗ ដើម្បី កសាងផ្លូវថ្មី ពង្រីក ឬជួសជុលកែលម្អផ្លូវថ្នល់ ដែលមានស្រាប់ បង្កើតចំណតឱ្យបានគ្រប់គ្រាន់ និងចាត់វិធានការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់។ ជាមួយនេះត្រូវគិតគូរអំពីការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញាផ្លូវថ្នល់ ឱ្យបានគ្រប់គ្រាន់ និងងាយមើលឃើញ ត្រូវបន្តបំពាក់កាមេរ៉ាអចល័តនៅតាមដងផ្លូវ និងត្រូវបែងចែកសមត្ថកិច្ចគ្រប់គ្រង ថែទាំផ្លូវថ្នល់ ឱ្យបានច្បាស់លាស់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី៣. អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត ត្រូវបន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ ទាំងពេលថ្ងៃ និងពេលយប់ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ស្របតាមតំបន់ភូមិសាស្ត្រមុខសញ្ញា ពេលវេលា មូលហេតុនៃគ្រោះថ្នាក់។ ក្នុងនោះត្រូវយកចិត្តទុកលើការបើកបរលើសល្បឿនកំណត់ ការបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងញៀន ឬគ្រឿងស្រវឹង ការបិទកញ្ចក់ពណ៌លើកញ្ចក់រថយន្តធំ ការរត់គេចខ្លួនក្រោយពេលបង្កគ្រោះថ្នាក់និងបណ្តាករណីល្មើសបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដើម្បីចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឺងម៉ាត់ដោយ គ្មានការលើកលែង។ ជាពិសេសត្រូវឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង។

 

ទី៤. សិស្ស និស្សិតនៅតាមបណ្តាគ្រឹះស្ថានសិក្សានានា ទាំងរដ្ឋ និងឯកជន គួរតែជាគោលដៅដ៏សំខាន់មួយក្នុងការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ព្រោះថា តាមការកត់សម្គាល់ឃើញមានសិស្សកាន់តែច្រើនបានជិះម៉ូតទៅ និងត្រឡប់មកពីសាលារៀន ដោយពុំបានពាក់មួកសុវត្ថិភាព ឬអ្នកខ្លះមានមួកដែរ ប៉ុន្តែទុកសម្រាប់ពាក់តែនៅនឹងមុខសមត្ថកិច្ចតែប៉ុណ្ណោះ។ ក្នុងន័យនេះ យើងអប់រំពន្យល់យ៉ាងណាឱ្យពួកគេបានយល់ថា ការពាក់មួកសុវត្ថិភាព មិនមែនធ្វើងឡើងតែនៅលើផ្លូវណាដែលមាននគរបាលចរាចរណ៍នោះទេ គឺយើងត្រូវតែពាក់គ្រប់ទីកន្លែង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងបញ្ចៀសបញ្ហាទុក្ខសោកមកដល់ក្រុមគ្រួសារ។

ទី៥. ត្រូវបន្តជំរុញការធ្វើទំនើបកម្មប្រព័ន្ធ Digaital ក្នុងការគ្រប់គ្រងអំពើល្មើសនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រមទាំងបែងចែកព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេលវេលានូវអំពើល្មើសច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានេះមន្ត្រីមានសមត្ថ កិច្ចគ្រប់រូបត្រូវបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ ជំនា ញប្រព័ន្ធបច្ចេកវិទ្យា រួមទាំងត្រូវមានសីលធម៌ វិន័យ មានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈដោយត្រូវអនុវត្តតាមអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។

ទី៦. សមាជិកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចូលរួមលើកកម្ពស់នូវចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ តាម ក្រសួង ស្ថាប័នសាមី ដោយត្រូវប្រជុំអប់រំផ្សព្វផ្សាយ ក្រើនរំលឹកអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងបទដ្ឋាននានាដល់មន្រ្តីរាជការ និយោជិតក្រោមឱវាទទាំងអស់ និងត្រូវអនុវត្តយ៉ាងណាដើម្បីបង្ហាញនូវភាពជាគំរូ ក្នុងការអនុវត្តច្បាប់ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ទី៧. ត្រូវបន្តផ្សព្វផ្សាយនូវផែនការទសវត្សន៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០ ឱ្យបានទូលំទូលាយ ទាំងក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ ក្នុងន័យធ្វើយ៉ាងណាយើងអាចឈានទៅសម្រេចបានគោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសចំនួន ៥០% នៅតាមដងផ្លូវនៅឆ្នាំ២០៣០ ខាងមុខ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា ៖ មុនចេញដំណើរ សូមពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្ត, កុំបើកបរលើសល្បឿនកំណត់, បើពិសាគ្រឿងស្រវឹងកុំបើកបរ, គោរពសិទ្ធិអាទិភាព, មុនបត់ឬវ៉ាជែង ត្រូវមើលឆ្វេងស្តាំ, ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជានិច្ចគ្រប់ពេលវេលាទោះជិតឬឆ្ងាយ, បើងងុយគេង កុំបើកបរ និងកុំប្រើប្រាស់ទូរសព្ទក្នុងពេលបើកបរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣