លោកជំទាវ ម៉ែន នារីសោភ័គ និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមបោះជំរំលើកទី១ រយៈពេល ៣ថ្ងៃ នៅឆ្នេរថ្មបីដុំ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់
វុន សុខជា - ០៥ កុម្ភៈ ២០២៤
image

ព្រះសីហនុ៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបោះជំរំលើកទី១ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឆ្នេរថ្មបីដុំ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា មកពីខេត្តកំពត កែប កោះកុង កំពង់ស្ពី សៀមរាប ស្ទឹងត្រែង និងខេត្តព្រះសីហនុ សរុបចំនួន ២៤០នាក់។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការបោះជំរំលើកទី១នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារ នៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» ជាសកម្មភាពបោះជំរំមុនគេ ក៏ជាគំរូសម្រាប់សាខាខេត្ត២៤ ផ្សេងទៀតបានរៀនសូត្រដកស្រង់បទពិសោធន៍ក្នុងការរៀបចំបោះជំរំយុវជន រវាងសម្ព័ន្ធភាពជា មួយសាខាខេត្តស្ទឹងត្រែង នេះគឺជាគោលគន្លឹះថ្មីមួយបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាព នៃការចងសម្ព័ន្ធភាពរវាងថ្នាក់ដឹកនាំសាខា មន្ដ្រីប្រតិបត្តិ និងយុវជនដែលរៀបចំដោយទីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។ ជាមួយនឹងសមិទ្ធផល និងមោទនភាពរបស់ខេត្តព្រះសីហនុ នៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយនានា យុវជនកាកបាទក្រហមខេត្ត តែងបានចូលរួមយ៉ាងសកម្មនូវការងារមនុស្សធម៌។ ការបោះជំរំថ្ងៃនេះ ជាអត្ថន័យធំធេងសម្រាប់យុវជនកាកបាទក្រហមកម្ពុជា ក្នុងការបង្ហាញការរីកចម្រើននៃសមត្ថភាព ការលើកកម្ពស់ភាពជាអ្នកដឹកនាំនៅថ្នាក់សាខានៅតាមទិសវិម្ឈការ និងវិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមបានដាក់ចេញតាំងពីឆ្នាំ២០១០ ស្របទៅនឹងយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាគូសបញ្ចាក់ពីភាពរឹងមាំ ការពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសាខាកាកបាទក្រហមខេត្ត ខេត្តព្រះសីហនុ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានដើរតួជាគំរូសម្រាប់សាខាដ៏ទៃទៀតក្នុងការអភិវឌ្ឍសាខា ក៏ដូចជាការចែករំលែកបទពិសោធន៍រវាងសាខា និងសាខាដ៏ទៃទៀតយកគំរូតាម និងរៀបចំឱ្យមានការចុះអនុសារណៈទ្វេភាគីហើយឆ្នាំនេះសង្ឃឹមថា សាខាខេត្តកណ្តាល និងចងសម្ព័ន្ធជាមួយសាខាខេត្តរតនគីរី និងសាខាខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

លោកជំទាវ បានបញ្ជាក់ថា ការបោះជំរំថ្ងៃនេះ នៅក្នុងមហាសន្និបាតអាណត្តិទី៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគិតគូរទិសដៅយុទ្ធសាស្ត្រអាណត្តិទី៧ ចង់ឱ្យមានការបោះជំរំយុវជន ហើយថ្ងៃនេះគូសបញ្ជាក់ឱ្យឃើញសាខាកាកបាទក្រហម ខេត្តព្រះសីហនុ បានបោះជំហានមុនគេក្នុងការអនុវត្តនូវអ្វីដែលជាសេចក្តីសម្រេច និងការគិតគូរបស់គណៈកម្មាធិការកណ្តាលអាណត្តិទី៧ ដែលរៀបចំកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លង មក។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណទី១ របស់រាជរដ្ឋាភិបាល ការរៀបចំឱ្យមានការបោះជំរំនេះ ចូលរួមចំណែកលើកកម្ពស់យុវជន ការអភិវឌ្ឍធនធានមនុស្សដែលផ្តោតទៅលើមនុស្សមានសុខភាពល្អ និងមានសមត្ថភាព ជាឱកាសសម្រាប់យុវជនយើងធ្វើការងារផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែក សាមគ្គីធម៌ជាមួយគ្នា ការរស់នៅជាមួយគ្នា ការគិតគូរពីគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នា និងការដោះស្រាយបញ្ហាប្រឈមនៅក្នុងសកម្មភាពមនុស្សធម៌ដែលយុវជនកាកបាទក្រហមកម្ពុជា មានភារកិច្ចក្នុងការចូលរួមសកម្មភាពការងារ នេះជាសារៈសំខាន់នៃការបោះជំរំនាថ្ងៃនេះ។

នេះជាមោទនភាព នៃការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ភាពម្ចាស់ការគោរពវិន័យ និងការពង្រីកសកម្មភាពដោយឡែកសម្រាប់ជំនាញ តាមរយៈសកម្មភាពទាំងនេះ យើងពង្រីកយុវជនប្រចាំខេត្ត និងជឿជាក់ថា សាខាទាំង៧ ដែលបានចូលរួមនៅទីនេះ និងពង្រីកយុវជនស្មគ្រ័ចិត្តវ័យក្មេងដែលជាឆ្អឹងខ្នង នៃប្រតិបត្តិការកាកបាទក្រហមកម្ពុជា នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះយុវជនស្ម័គ្រចិត្តមកពីសាខាទាំង៧ សុំរក្សាសាមគ្គីភាព ក្តីស្រឡាញ់រាប់អានគ្នា ព្រោះយើងជាប្រតិបត្តិករមនុស្សធម៌ត្រូវផ្តល់នូវភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ទៅដល់ជនរងគ្រោះ ត្រូវថែទាំសុខភាព អនុវត្តនូវវិន័យ គោរព ច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបោះជំរំលើកទី១នេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការជួបជុំក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការបណ្តុះគំនិតស្មារតីចែករំលែកទទួលនូវចំណេះដឹងថ្មីៗនិងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថប្រកបដោយភាពវិជ្ជមាន ដើម្បីក្លាយជាកូនល្អ យុវជនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ជាពិសេសការធ្វើសកម្មភាពរួមគ្នាជាក្រុមលើការងារមនុស្សធម៌ ការងារសង្គម និងបរិស្ថាន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនលើឆាកជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនអ្នកចូលរួមជាង ២៤០នាក់ ក្នុងម្នាក់នូវថវិកា ១០ម៉ឺនរៀល៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣