ឯកឧត្តម គួច ចំរើន ដង្ហែព្រះពុទ្ធរូបធ្វើអំពីស្ពាន់យកមកតម្កល់លើបល្ល័ង្ក ស្ថិតនៅវត្តគិរីជលសារកោះរ៉ុង ដើម្បីឱ្យពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជាតាមបែបព្រះពុទ្ធសាសនា
វុន សុខជា - ០១ កុម្ភៈ ២០២៤
image

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដង្ហែព្រះពុទ្ធរូបធ្វើអំពីស្ពាន់យកមកតម្កល់លើបល្ល័ង្ក ស្ថិតនៅវត្តគិរីជលសារកោះរ៉ុង ដើម្បីឱ្យពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជាតាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

មកដល់ពេលបច្ចុប្បន្នសំណង់ព្រះវិហារនេះ សាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ខាងមុខ ការសាងសង់មានគណៈកម្មាធិការគ្រប់គ្រងត្រឹមត្រូវ រៀបចំផែនទី និងប្លង់សាងសង់ទៅតាមក្បួនខ្នាត ពិសេសថែមទៀតនោះ ក្រុមការងារមានជំនាញ និងបច្ចេកទេសក្នុងការសាងសង់ព្រះវិហារ ធ្វើឱ្យដំណើរការសាងសង់បានលឿនតាមការគ្រោងទុក។

សំណង់ព្រះវិហារវត្តគិរីជលសារកោះរ៉ុងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនាផ្នែកព្រះពុទ្ធសាសនា ព្រោះសំណង់ព្រះវិហារគឺសាងសង់តាមរចនាបទខ្មែរ។

ព្រះពុទ្ធរូបមានកម្ពស់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេនព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន ទុកសម្រាប់ឱ្យពុទ្ធបរិស័ទជិតឆ្ងាយ និងភ្ញៀវទេសចរទៅលេងក្រុងកោះរ៉ុងគោរពបូជា។

 

សូមបញ្ជាក់ថា ការសាងសង់ព្រះវិហារវត្តគិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាគំនិតផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សម្រាប់ប្រជាពលរដ្ឋនៅតំបន់កោះក្នុងខេត្តព្រះសីហនុ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣