រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ
វុន​ សុខជា - ២៧ មករា ២០២៤
image

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម  មាស វុឌ្ឍី   សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងឯកឧត្តប្រធានក្រុមប្រឹក្សាខេត្ត និងលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត តំណាងឯកឧត្តអភិបាលខេត្ត និងលោក    ស៊ីវ  យុត  អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អញ្ជើញជាអធិបតីភាពកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រញសីហនុ ដែលមានការចូលរួមលោក ប្រធានក្រុមប្រឹក្សាក្រុង ស្រុកលោកអភិបាលរងក្រុងស្រុក លោក លោកស្រី នាយករងរដ្ឋបាលក្រុង ស្រុក លោកស្រី នាយកទីចាត់ការ ក្នុងសាលាខេត្ត ,លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និង អង្គការសង្គមស៊ីវិល សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់   នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាក្រុងព្រះសីហនុ ។

លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត បានថ្លែងថា ការរៀបចំកិច្ចប្រជុំនាឱកាសនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការអនុវត្តតួនាទី ភារកិច្ចរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ដែលត្រូវបានចុះបញ្ជីនិង ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតជា “នីតិបុគ្គល” ធ្វើជាតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិករបស់ខ្លួន ក្នុងគោលបំណងសំខាន់ចំនួន ៣ ដូចបានកំណត់ក្នុងលក្ខន្តិកៈរបស់សមាគមគឺ (ទី១). លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ (ទី២). ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និង(ទី៣). កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភីបាលរងបន្តទៀតថា កិច្ចប្រជុំរបស់សមាគមនាពេលនេះ គឺជាឱកាសដែលសមាគម បង្ហាញអំពីសមិទ្ធផលដែលសម្រេចបាននៅក្នុងការអនុវត្តការងាររបស់ខ្លួននៅឆ្នាំ ២០២៣ ក៏ដូចជាបញ្ហាប្រឈមក្នុងការអនុវត្តការងារ និងកំណត់ទិសដៅដែលត្រូវអនុវត្តបន្តនៅឆ្នាំ ២០២៤ នេះ ។

ឯកឧត្តម មាស វុឌ្ឃី សមាជិក្រុមប្ររឹក្សាខេត្ត បានថ្លែងក្នុងពីធីបិទថា កិច្ចប្រជុំក្រុមប្រឹក្សានេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត របស់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាតំណង និងការពារផលប្រយោជន៍ រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រះសីហនុ ដើម្បីលើកកម្ព់គុណភាព, ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ  ព្រមទាំងការអភិវឌ្ឍន៍សមត្ថភាពនិងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តមបន្តទៀតថា កិច្ចប្រជុំនេះ  គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់សមាគមរយៈពេលមួយឆ្នាំកន្លងមក   និងអនុម័ត ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ មេត្តាយកចិត្តទុកដាក់ និងចូលរួមពង្រឹងសមត្ថភាព, ចំណេះដឹង ,ជំនាញ, បទពិសោធន៍ ព្រមទាំងបំពេញតួរនាទី  ភារកិច្ចក្នុងអាណត្តិ  ឱ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការចូលរួមចំណែកផ្ដល់សេវាសាធារណៈ និងការចុះពិគ្រោះយោបល់នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត ។
នៅក្នុងដំណើរការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតំណាងឱ្យក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ និងនៅថ្នាក់ជាតិ ។ រាជរដ្ឋាភិបាលបានចាត់ទុកស្ថាប័នតំណាងនេះថា ៖ ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូយ៉ាងសំខាន់នៅក្នុងការជម្រុញដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ  ព្រមទាំងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣