ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន​ ស្ថិតិអត្រានុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម
Roth - ១៦ ធ្នូ ២០២៣
image

នារសៀលថ្ងៃសុក្រ ទី១៥​ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.)បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម​ ដែលមានការអញ្ជេីញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ,​ ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកឧត្តម លោកជំទាវ ប្រធានសាលាដំបូង រាជធានី-ខេត្ត,​តំណាងស្នងការនគរបាលរាជធានី-ខេត្ត,​ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត, អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ, អធិការនគរបាល ក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់,​ តំណាងអង្គការ សង្គមស៊ីវិល​ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

នាឱកាសនោះ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ បានមានប្រសាសន៍ថា​ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ដ៏មានសារសំខាន់នាថ្ងៃនេះ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត

ក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ ការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គម ស៊ីវិល ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៦ (២០១៨-២០២៣)។​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ក៏បានផ្តល់ជូនអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដោយត្រូវផ្ដោតការយកចិត្តទុកដាក់បន្តសម្របសម្រួល សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំកិច្ចការអាទិភាពនានារួមមាន៖ - ពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ឱ្យស្របទៅនឹងខ្លឹមសារដែលបាន កំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋាន គតិយុត្តក្រោមច្បាប់ ព្រមទាំងត្រូវរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ថ្នាក់ និង អ្នកពាក់ព័ន្ធនានា ឱ្យបានរួចរាល់មុនខែកក្កដា ឆ្នាំ២០២៤,​ ពិនិត្យ កែសម្រួលប្រព័ន្ធ និងនីតិវិធីផ្តល់សេវាចុះបញ្ជីអត្រានកូលដ្ឋាន ចុះបញ្ជីស្នាក់នៅ និងសេវា អត្តសញ្ញាណកម្មផ្សេងទៀត ដើម្បីធានាឱ្យការផ្តល់សេវាទាំងនេះកាន់តែមានភាពងាយស្រួល និង ឆាប់រហ័ស - សិក្សាលទ្ធភាពក្នុងការរៀបចំការផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់ ពោលគឺថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់ រាជធានី ខេត្ត និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ,​ សហការជាមួយក្រសួងផែនការ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិអត្រានុកូលដ្ឋាន ដោយត្រូវធានានូវភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបាន ព្រមទាំងរក្សាការសម្ងាត់នូវព័ត៌មានឯកជន នៃបុគ្គលដែលបានកត់ត្រា និងរក្សាទុកនៅក្នុងបញ្ជីប្រជាជន បញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ជីអត្តសញ្ញាណបុគ្គលផ្សេងទៀត ដែលស្ថិតក្រោមច្បាប់នេះ,​ សហការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់មូលដ្ឋានសុខាភិបាល ក្នុង ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពក្នុង និងក្រៅមូលដ្ឋានសុខាភិបាល និងតួនាទីមូលដ្ឋាន សុខាភិបាល ក្នុងការបញ្ជាក់វេជ្ជសាស្ត្រអំពីមូលហេតុនៃមរណភាព ស្របតាមស្មារតីនៃច្បាប់,​ សហការជាមួយក្រសួងយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ស្ថាប័នតុលាការរាជធានី ខេត្តក្នុង ការបញ្ជូនលិខិតជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច នៅពេលដែលតុលាការបានចេញ សាលក្រម ឬដីកាសម្រេចស្តីពីការលែងលះ ឬមោឃភាព និងការលុបអាពាហ៍ពិពាហ៍ ឬសាលក្រម ឬដីកាសម្រេចផ្សេងទៀត ស្របតាមស្មារតីនៃច្បាប់,​ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការបណ្តុះបណ្តាលបែបបទ និងនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ដល់មន្ត្រីអត្រានុកូលដ្ឋាននៅតាមស្ថានតំណាង នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានជូនដល់ពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស ស្របតាមស្មារតីនៃច្បាប់។ បន្ថែមលេីសពីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត​ បានស្នើដល់រដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស ចាត់តាំងរៀបចំផ្សព្វផ្សាយច្បាប់នេះ ឱ្យបានទូលំទូលាយ (ដូចសិក្ខាសាលាថ្ងៃនេះ) ជូនដល់មន្ត្រីពាក់ព័ន្ធនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងសាធារណជនក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗ ឱ្យបានឆាប់ រហ័ស និងឱ្យបានមុនច្បាប់ចូលជាធរមាន។ អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ត្រូវផ្ដោតការយកចិត្តទុកដាក់ក្នុងការ ដឹកនាំ សម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈឱ្យបានល្អក្នុងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣