ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ដើម្បីបុព្វហេតុសន្តិសុខ និងការអភិវឌ្ឍរីកចម្រើននៃប្រទេសទាំងពីរ។ ការគូសបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់សម្គាល់អំពីកិច្ចសហការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងរយៈពេលជាច្រើនទស្សវត្សមកនេះ និងដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរឆ្ពោះទៅអនាគត។ លោកជំទាវ Maria Amelita C. Aquino បានសម្ដែងការគាំទ្រលើការកត់សម្គាល់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន។ លោកជំទាវ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកន្លែងស្នាក់នៅជូនពលរដ្ឋហ្វីលីពីនក្នុងប្រទេសកម្ពុជា ព្រមទាំងជួយសម្របសម្រួលដល់ដំណើរការបញ្ជូនពលរដ្ឋហ្វីលីពីនធ្វើមាតុភូមិនិវត្តន៍ផងដែរ។ នាឱកាសនោះដែរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីសារៈសំខាន់នៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងគុណតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលផងដែរ៕ដោយ ៖ ឯកឧត្តម បណ្ឌិត ទូច វណ្ណៈ