ឯកឧត្ដម ឃួង ស្រេង ស្នើមិត្តចិន ឱ្យជួយផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកលេងកម្សាន្តកាន់តែច្រើននៅកម្ពុជា
Roth - ១១ ធ្នូ ២០២៣
image

ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើមិត្តចិន ឱ្យជួយផ្សព្វផ្សាយព័ត៌មាន ល្អៗពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកដើរលេងកម្សាន្តកាន់តែច្រើននៅកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង បានស្នើមិត្ដចិនបែបនេះ ខណៈឯកឧត្ដមទទួលជួបពិភាក្សា ការងារជាមួយ លោក លូ យ៉ាន(Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំង និង សន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីក្រុងភ្នំពេញកាល ពីមុនជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើឱ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។

ឯកឧត្ដមបន្ដថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អ ទាំងសន្តិសុខ ទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែ ទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈម ក៏នៅតែមានតម្រូវឱ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកក ស្ទះចរាចរណ៍ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន គឺសម្រាប់ ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែមកដល់ពេលនេះដោយមានការរីកចម្រើនធ្វើឱ្យ រាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់៣លាននាក់ចេញ ចូលរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗទៅហើយ។

ឯកឧត្ដម ឃួង ស្រេង បានបន្ដថា ទំនាក់ទំនង ប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនង មិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ។ ដោយហេតុនេះហើយ សូមមិត្ត ចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យ មកដើរលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើន។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ និងធ្វើឱ្យភ្ញៀវទេសចរ ចិនមានកំណើនថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសចិន ពិសេស គឺទីក្រុងប៉េកាំង និង ទីក្រុងភ្នំពេញ និងចង់បង្កើតគណនេយ្យ media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ឱ្យ មានកំណើនកើនឡើង។

ឯកឧត្ដមបានបន្ដថា ភ្នំពេញមានមហាវិថីមួយឈ្មោះម៉ៅសេទុង ហើយស្ថានទូតចិន ក៏ទីតាំងនៅលើមហាវិថីម៉ៅសេទុងផងដែរ រដ្ឋបាលរាជធានីភ្នំពេញចង់ឱ្យទីក្រុងប៉េងកាំងរួម ចំណែក ក្នុងការកែលម្អសោភណភាពលើផ្លូវកំណាត់ផ្លូវម៉ៅសេទុងនេះ ឱ្យកាន់តែល្អប្រសើរ ឡើង។ សូមជួយផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរបានទៅសិក្សារៀនសូត្រ នៅទីក្រុង ប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយ មានការបណ្ដុះបណ្ដាលធនធាន មនុស្សបានល្អ។

លោក លូ យ៉ាន Mr. Lu Yan បាន បញ្ជាក់ថា ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ មាន បញ្ហាប្រឈមដូចគ្នា ទៅលើការកកស្ទះចរាចរណ៍និងបញ្ហាសំរាម សំណល់រឹង។ រាជធានី ភ្នំពេញ និងទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពគ្នាប្រមាណ៥ឆ្នាំហើយ។ ការជួបពិភាក្សា ការងារសម្ដែងការគួសមនៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងឱ្យកាន់តែល្អ និងយូរអង្វែងបន្ថែមទៀត។ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងទីក្រុងប៉េកាំង នៃប្រទេសចិន ជាទំនាក់ទំនងដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឱ្យចំណងមិត្តភាពកាន់តែរឹងមាំនិងកាន់តែជ្រៅជ្រះ។

លោក លូ យ៉ាន Mr. Lu Yan បានបញ្ជាក់ថា៖ សូមអញ្ជើញ ប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងនៅពេលវេលាដ៏សមស្របណាមួយ ដើម្បីផ្លាស់ប្ដូរ បទពិសោធន៍ ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនាក់ទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។ ពង្រឹងការផ្លាស់ប្ដូរ មនុស្សធម៌បន្តវេនទៅយុវជន ការផ្លាស់ប្ដូរវប្បធម៌ រវាងទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញ។ ចង់ បង្កើតនៅគណនេយ្យ media លើការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលការផ្ដល់ ព័ត៌មានឱ្យគ្នាទៅវិញទៅមកកាន់តែល្អប្រសើរឡើង៕ ដោយ ៖ ក្រសួងព័ត៌មាន

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣