ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញជំហប្ដេជ្ញាបន្តជាដៃគូកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត
សុវណ្ណរ័ត្ន - ០៦ ធ្នូ ២០២៣
image

ភ្នំពេញ ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត។ កញ្ញាបណ្ឌិត ថ្លែងបែបនេះ នាឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតជូនកញ្ញា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត អំពីសមិទ្ធផលនានាដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងផ្សេងៗនាពេលកន្លងមក។

ជាកិច្ចឆ្លើយតបឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ 

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យកញ្ញា និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានសម្ដែងការអបអរសាទរដែលឯកឧត្ដមអភិសន្តិបណ្ឌិត ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣