ភ្នំពេញ៖ បើគិតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមានរយៈពេល ៣ថ្ងៃហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ។ បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញមកចូលរួមទស្សនា និងដើរលេងកំសាន្ត ក្នុងប៉ុន្មានថ្ងៃនេះ បានសម្តែងអារម្មណ៍សប្បាយរីករាយ និងកោតសរសើរចំពោះការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ទាំងពេលថ្ងៃ និងពេលរាត្រី។
ទិដ្ឋភាពទាំងនៅមុខព្រះបរមរាជវាំង ជ្រោយចង្វាត្រើយខាងកើត កោះពេជ្រ សួនណាហ្កាវែល សួនមុខវត្តបទុម និងទីកន្លែងតាំងពិពណ៍ ជាច្រើនទៀត គឺមានវត្តមានប្រជាពលរដ្ឋជាច្រើនកុះករមកលេងកម្សាន្ត។
មន្រ្តីអជ្ញាធរក្រុង/រាជធានីគ្រប់ជំនាញ បានបានរួមសហការណ៍គ្នាក្នុងការចុះជួយសម្រួលជូនប្រជាពលរដ្ឋទៅតាមជំនាញនីមួយៗបានយ៉ាងល្អ មានទាំងមន្រ្តីចរាចរណ៍ មន្រ្តីបរិស្ថាន ពេទ្យសង្រ្គោះបឋម មន្រ្តីរៀបចំសណ្តាប់ធ្នាប់ កងកម្លាំងសមត្ថកិច្ច និងមានសមាគមន៍ចូលរួមផងដែរ បានចុះផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានមកលេងកំសាន្ត និងបងប្អូនលក់ដូរផ្សេងៗ ជួយថែរក្សាបរិស្ថាន និងវេចខ្ចប់សំរាមដាក់ចូលក្នុងធុងសំរាម ឲ្យមានអនាម័យល្អ ដើម្បីទីក្រុងយើងស្អាតទាំងអស់គ្នា។ ប្រជាជនមកលេងប្រកបដោយស្នាមញញឹមរីករាយ និងយល់ដឹងល្អ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ធ្វើឱ្យទីក្រុងមានសោភ័ណភាព ការដើរកម្សាន្តមិនបង្កភាពចង្អៀតពេក និងប្រកបដោយសុវត្ថិភាពខ្ពស់ ព្រោះមានកងកម្លាំងសមត្ថកិច្ចចុះជួយសម្រួលគ្រប់ទីកន្លែង ហើយពួកគាត់សង្ឃឹមថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំខាងមុខបន្ទាប់ នឹងកាន់តែមានការរីកចំរើន យ៉ាងល្អប្រសើរថែមទៀត និងមានភាពសប្បាយរីករាយ ដូចឆ្នាំនេះ ។
ការរៀបចំព្រះរាជពិធីបុណ្យអុំទូកបានល្អប្រសើរ និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចំរើន ដោយសារតែកម្ពុជាមានសន្តិភាពបរិបូរណ៍ ដោយការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕