ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ --
ប្រភពពីក្រសួងសុខាភិបាល បានឱ្យដឹងថា នាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីសុខាភិបាលបានចូលរួមយ៉ាងស្រាក់ស្រាំ មោះមុត និងបំពេញការងារដោយទឹកចិត្តសប្បាយរីករាយ ក្នុងការបម្រើសេវាសុខាភិបាល សង្រ្គោះបឋម និងអប់រំផ្សព្វផ្សាយអំពីការបង្ការការចម្លងមេរោគអេដស៍ និងធ្វើតេស្តរកមេរោគអេដស៍ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត នាឱកាសដ៏វិសេសវិសាលនេះ បម្រើសេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងជាពិសេសជូនពរបងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អ សប្បាយរីករាយ និងចូលរួមឱ្យបានច្រើនកុះករ ដើម្បីមកកម្សាន្តសប្បាយ ទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ នាឱកាសព្រះរាជពិធីបុណ្យនេះ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានរៀបចំរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង និងស្តង់ចំនួន ២ កន្លែងដើម្បីអប់រំផ្សព្វផ្សាយអំពីការបង្ការការចម្លងមេរោគអេដស៍ និងធ្វើតេស្តរកមេរោគអេដស៍។ ដោយឡែកទីស្តីការក្រសួងសុខាភិបាលក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុតគ្រប់ពលវេលា៕
ដោយ៖ ក្រសួងព័ត៌មាន