នាយឧត្តមសេនីយ៍ វង្ស ពិសេន ចូលជួបសម្ដែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ លីវ ជេន លិក
Roth - ២២ វិច្ឆិកា ២០២៣
image

ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ -- នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជា ចូលជួបសម្ដែងការគួរសម ជាមួយ នាយឧត្តមសេនីយ៍ លីវ ជេន លិក ប្រធានសេនាធិការចម្រុះគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ លីវ ជេន លិក ដែលបានអញ្ជើញគណៈប្រតិភូកងទ័ពកម្ពុជា មកទស្សនកិច្ចនៅចិន ដើម្បីចូលរួមទស្សនាការសម្តែងសមយុទ្ធពហុសាសន៍ សន្តិភាព មិត្តភាព-២០២៣ ដែលធ្វើឡើងនៅខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិននេះ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា តាមរយៈទស្សនកិច្ចនេះ នឹងនាំមកនូវការពង្រឹង ទំនាក់ទំនងជាប្រពៃណីរវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាលើកទឹកចិត្ត គាំទ្រដល់ កិច្ចខិតខំរបស់កងកម្លាំងបណ្តាប្រទេសចូលរួមក្នុងសមយុទ្ធនេះ ឱ្យទទួលបានជោគជ័យ រួមចំណែកថែរក្សាសន្តិភាព មិត្តភាព ស្ថិរភាព ការអភិវឌ្ឍ និង សុខុមាល ភាពសម្រាប់ប្រជាជនក្នុងតំបន់។

ក្នុងនាម ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពរំដោះប្រជាជនចិន ដែលបាន ផ្តួចផ្តើមគំនិតក្នុងការធ្វើជាម្ចាស់ផ្ទះសមយុទ្ធពហុសាសន៍៦ប្រទេសនេះឡើង ជាពិសេសមិត្ត ចិនដែលបានជួយសម្របសម្រួល និងឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ រួមចំណែកដល់ការពង្រឹងឯករាជ្យម្ចាស់ការរបស់កម្ពុជា និងលើកមុខមាត់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

នាយឧត្តមសេនីយ៍ បានអះអាងពីការបន្តអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវ អនុស្សរណៈយោគយល់ និងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ ប្រទេសទាំងពីរ ដែលបានព្រមព្រៀងកន្លងមក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានចារកិច្ចក្នុងទិសដៅប្រយុទ្ធប្រឆាំង នឹងក្រុមជ្រុលនិយម ការទប់ស្កាត់បដិវត្តន៍ពណ៌ និងការទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ លីវ ជេន លិក បានគូបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលប្រទេសចិននិងកម្ពុជា បានអនុវត្តន៍កន្លងមកលើគ្រប់ លើវិស័យ ជាពិសេស ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់ សម្រាប់ជាផលប្រយោជន៍ ប្រជាជនប្រទេសទាំងពីរ។

 

 

ដោយឡែក លើវិស័យកងទ័ព នាយឧត្តមសេនីយ៍ លីវ ជេន លិក បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត និងក្នុងកម្រិតខ្ពស់ ហើយកំពុងមានការរីកចម្រើន លូតលាស់ទៅមុខ ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន។

នាយឧត្តមសេនីយ៍ លីវ ជេន លិក ជឿជាក់ថា ទៅថ្ងៃអនាគតទំនង រវាងកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំ តាមរយៈចំណងមិត្តភាពប្រកបដោយ ការជឿ ទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខ រួមទុក្ខលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន»


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣