សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ មន្ត្រីកសិកម្មប្រឡងជាប់ក្របខ័ណ្ឌហើយ ត្រូវយកបេះដួងមកធ្វើការដើម្បីជួយប្រទេសជាតិ
Roth - ២០ វិច្ឆិកា ២០២៣
image

ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣--

ខណៈក្រសួងកសិកកម្មកំពុងប្រកាសប្រឡងជ្រើសរើសមន្ត្រីកសិកម្ម ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យយុវជនជំនាញកសិកម្មដែលជាប់ក្របខ័ណ្ឌជាមន្ត្រីរាជការហើយត្រូវបម្រើការងារឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មឱ្យរីកចម្រើនឈានទៅមុខជាលំដាប់។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី បានថ្លែងថា យុវជនកសិកម្មត្រូវចូលរួមបណ្ដុះផ្នត់គំនិតថ្មី ដើម្បីវិស័យកសិកម្ម ដើម្បីប្រយោជន៍ជាតិសាសន៍យើង។

សម្ដេចធិបតីបានថ្លែង «សូមអំពាវនាវឱ្យបងប្អូនដែលដាក់ពាក្យទាំងអស់ ពេលដែលប្រឡងជាប់ហើយ ទទួលបានហើយ សុំបំពេញភារកិច្ចដោយបេះដូងទាំងមូល ដើម្បីជួយកសិករយើង យកក្របខ័ណ្ឌមិនមែនយកដើម្បីបានប្រាក់ខែ បានក្របខ័ណ្ឌទេ តែយើងយកដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ជាមួយប្រទេសជាតិយើង តាមរយៈការប្រឹងប្រែងយកជំនាញជួយទៅដល់កសិកររបស់យើង និងកសិកម្មរបស់យើង សុំឱ្យមានផ្នត់គំនិតបែបនេះយើងនឹងមានការអភិវឌ្ឍ»

ទន្ទឹមនេះ ក្រសួងក៏បាននិងកំពុងអនុវត្តសកម្មភាពការងារសំខាន់ៗមួយចំនួនទៀតផងដែរ ដូចជា៖ ដាក់ពង្រាយសាកល្បងនូវនិស្សិតកសិកម្មស្ម័គ្រចិត្តចំនួន២០០នាក់ នៅតាមបណ្តាខេត្តចំនួន១៤ នៅទូទាំងប្រទេសជំរុញអនុវត្តគំនិតផ្តួចផ្តើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ក្នុងខេត្តចំនួន៤ គឺ៖ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងការបង្កើត ច្រកមច្ឆា និងអង្ករ ដែលជាផ្នែកមួយដ៏សំខាន់នៃ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសកម្ពុជា និងចិនជំរុញអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជា អធិរាជចន្ទី នាពេលអនាគតជំរុញផលិតកម្មពូជស្រូវសុទ្ធដែលមានភាពសុទ្ធល្អ មានទីផ្សារ និងមានតម្លៃខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កសិករ និងគាំទដល់គោលនយោបាយជំរុញការនាំចេញអង្ករប្រណិតរបស់កម្ពុជាបង្កើនល្បឿនរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា៕

ប្រភព ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣