អភិបាលរាជធានីភ្នំពេញ ថ្លែងថា កម្មវិធីអបអរសាទរខួបលើកទី៧០នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បានចូលរួមចំណែកក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត
Roth - ២០ វិច្ឆិកា ២០២៣
image

ភ្នំពេញថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

អភិបាលរាជធានីភ្នំពេញ ថ្លែងថា កម្មវិធីអបអរសាទរខួបលើកទី៧០នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុង កម្មវិធីបាញ់កាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន រៀបចំដោយសមាគមជប៉ុន-កម្ពុជា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផ្តើមចេញពីទំនាក់ទំនងការទូតកម្ពុជា ជប៉ុន កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រី កាន់តែមានភាពស៊ីជម្រៅ ស្អិតល្មួតលើគ្រប់វិស័យ ចាប់តាំងពីកម្រិត កិច្ចសហប្រតិបត្តិការទ្វេភាគី" រហូតដំឡើងដល់កម្រិតទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

ឯកឧត្តមបានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណងបង្ហាញពីភាពចំណាស់ជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសជប៉ុន ដែលរាជរដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំងពីរ បាននិងកំពុងខិតខំពូនជ្រុំជាបន្តបន្ទាប់គួរជាទីមោទនៈបំផុត ជាពិសេសតាមរយៈ ព្រឹត្តិការណ៍នេះ គឺពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការស្វែង រកកាលានុវត្តភាពថ្មីសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជាជប៉ុន ។

« សម្រាប់ការរៀបចំ "កម្មវិធីបាញ់កាំជ្រួច អបអរសាទរខូបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឱកាសនេះ គឺមិនត្រឹមតែធ្វើឡើងដើម្បីអបអរសាទរខូបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខូបលើកទី១០ នៃភាពជា ដៃគូយុទ្ធសាស្ត្ររវាង " កម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឱ្យ បានកាន់តែស៊ីជម្រៅ និងជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ ក្នុងស្មារតីផ្តល់ការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ »

ក្នុងឱកាសនោះ ឯកឧត្តម កាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះប្រារព្ធឡើង ដើម្បីរំឭកខួប៧០ឆ្នាំ រវាងទំនាក់ទំនងជប៉ុន-កម្ពុជា ក្រោមការសហការរួមគ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហប្រតិបត្តិការពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការបុណ្យជាតិ និង ស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ ។ម្យ៉ាងវិញទៀត កម្មវិធីនេះក៏មិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាការពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនឯកជននិងអង្គការ នានារបស់ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

សូមបញ្ជាក់ថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មិត្តជប៉ុនបានផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការ លើគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដែលមាន ដូចជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤, គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក, គម្រោងធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍, គម្រោងជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាដើម ។ បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំពាណិជ្ជកម្មកម្ពុជា- ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែល ជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍ ផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ៕

ប្រភព ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣